ខេត្តមណ្ឌលគិរី៖ ការបង្ក្រាបក្រុមឈ្មួញជួញដូរបទល្មើសព្រៃឈើមួយ បានធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧៦ កាលពីព្រឹកថ្ងៃទី៦ កញ្ញា ២០១៦ ខណៈសមត្ថកិច្ចចម្រុះបានប្រដេញប្រកិតៗនិង រថយន្តដឹកឈើមួយគ្រឿងម៉ាកកាមរីបាឡែន ប៉ុន្តែត្រូវបានរារាំងដោយរថយន្តមួយគ្រឿងទៀត បើកទៅបិទពីមុខរថយន្តរបស់សមត្ថកិច្ច បង្អាក់សមត្ថកិច្ចមិនឲ្យចាប់បង្ក្រាបរថយន្តដឹកឈើនោះបាន ។
គេបានឃើញរថយន្តជាច្រើនគ្រឿងរបស់សមត្ថកិច្ចជំនាញ បានដាក់ពង្រាយគ្នាតាមផ្លូវជាតិលេខ៧៦ ចាប់ពីចំនុចមុខអភិរក្សជីវចម្រុះសីមា ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដើម្បីស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើ ។ លុះនៅវេលាម៉ោងប្រមាណ១០និង៣០នាទី ថ្ងៃដដែល គេក៏បានឃើញ រថយន្តកាមរីបាឡែន ពណ៌ ទឹកប្រាក់ បានបោះពួយយ៉ាងលឿនចេញពីតំបន់ព្រៃការពារ ដោយមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីចពណ័ខ្មៅ បានបើកបិតគូថពីក្រោយ ។
ក្រោយពីប្រទះឃើញរថយន្តខាងលើកំពុងធ្វើសកម្មភាពដឹកបទល្មើសជាក់ស្តែងបែបនេះ កម្លាំងសមត្ថកិច្ចចម្រុះដែលបានត្រៀមរួចជាស្រេចក៏បានបើកប្រតិបត្តិការប្រដេញចាប់ភ្លាមៗតែម្តង។ប៉ុន្តែការតាមបង្ក្រាបរថយន្តដឹកឈើរបស់ជំនាញ ត្រូវបានរារាំងដោយរថយន្តរបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ និងជាម្ចាស់រថយន្តកាមរីបាឡែនដឹកឈើ ទើបបណ្តាលឲ្យសមត្ថកិច្ចមិនអាចចាប់បង្ក្រាបឡានដឹកឈើបាន។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មិនបានសម្រេច សមត្ថកិច្ចជំនាញបានទំនាក់ទំនងសុំគោលការណ៏ថ្មី ពីព្រះរាជអាជ្ញាររងសាលាដំបូងខេត្ត ដោយបង្វែងពីការតាមចាប់រថយន្តដឹកឈើដែលរត់បាត់ ទៅតាមឃាត់រថយន្តដែលបានរារាំងដល់កិច្ចការសមត្ថកិច្ចវិញ។
សមត្ថកិច្ចបន្តថា ទម្រាំតែអាចឃាត់ រថយន្តដែលបើករារាំងនោះបាន ក្រុមកម្លាំងចម្រុះបានបើករថយន្តប្រដេញតាំងពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឆ្លងទៅទឹកដីស្រុកស្នូល ខេត្តក្រចេះ នៅចំនុចចម្ការកៅស៊ូ ក្នុងភូមិសាស្ត្រឃុំឃ្សឹមហើយបានឃាត់ខ្លួនអ្នកបើកបរម្នាក់មានតួនាទីជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស។
ប្រភពបានឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ សេង សុផុន ដែលជាឈ្មួញរកស៊ីឈើក្នុងស្រុកកែវសីមារាប់ឆ្នាំមកហើយ ទោះជាមន្ត្រីជំនាញបានព្យាយាមហាមឃាត់មិនឲ្យ ឈ្មោះនេះរកស៊ីឈើជាច្រើនដង ប៉ុន្តែគាត់មិនដែលស្តាប់តាមនោះទេ គឺឲ្យតែមានឱកាសល្អ គាត់តែងលួចដឹកឈើចេញពីព្រៃអភិរក្សរហូត ។ មិនត្រឹមតែប៉ុណ្ណោះឈ្មោះសេង សុផុន នៅមានបងប្រុសបង្កើតម្នាក់ទៀតជាមន្ត្រីយោធាអតីតមេបញ្ជាការកងអនុសេនាធំលេខ៣ ស្រុកកោះញែកឈ្មោះ ហ៊ឹម សុផាត(បច្ចុប្បន្នធ្វើការនៅតំបន់ប្រតិបត្តិការសឹករងខេត្ត) ។ ជាងនេះទៅទៀតឈ្មោះ ហ៊ឹម សុផាត កាលពីកន្លងទៅថ្មីៗនេះ ព្រោះតែព្យាយាមបើករថយន្តម៉ាកឡិចស៊ីកូនកាត់៣៣០ដឹកឈើគេចពីការប្រមាញ់របស់សមត្ថកិច្ច ក៏ជួបគ្រោះថ្នាក់ចរាចរណ៏ប៊ិះតែនិងអស់ជីវិត រួចគេចខ្លួនបានមួយរយៈឥឡូវនេះ ក៏ឃើញមុខមករកស៊ីដឹកឈើនៅស្រុកកែវសីមា លើសមុនទៅទៀត។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ-ចុងផ្លាស់ លោក ស្រ៊ុន ឈួន បានឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលត្រូវឃាត់ខ្លួនខាងលើ ជំនាញកំពុងធ្វើកំណត់ហេតុទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួមជាមួយរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៥០ ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំ ពេញ ១AZ៣០៦០ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការតាមច្បាប់ ព្រោះជននេះបានធ្វើការរារាំងដល់កិច្ចការរបស់សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ ដែលកំពុងបំពេញភារកិច្ចក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ៕ឦសាន