ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីខណ្ឌរដ្ឋបាលជលផលកណ្តាល និងជនសីុវិលម្នាក់ចាប់ប្រជានេសាទ វាយឲ្យរបួសគំរាមទារប្រាក់៥០ម៉ឺនរៀលទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ខេត្តកណ្តាលៈ មន្ត្រីខណ្ឌរដ្ឋបាលជលផលកណ្តាល និងបុរសម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ចាប់ប្រជានេសាទ២នាក់នៅឃុំក្រាំយ៉ូវ ស្រុកស្អាង វាយបណ្តាលឲ្យរងរបួសយ៉ាងដំណំ ទើបចាប់វាយខ្នោះបញ្ជូនទៅកាន់កន្លែងស្ងាត់មួយនៅឃុំស្អាងភ្នំ ។ ពេលទៅដល់ជនស៊ីវិលរូបនេះ និងមន្ត្រីជលផលបានគំរាមឲ្យប្រជានេសាទទំនាក់ទំនងទៅក្រុមគ្រួសារយកលុយចំនួន៥០ម៉ឺនរៀលមកបង់ ទើបដោះលែងឲ្យមានសេរីភាពវិញ ។

ករណីក្រុមមន្ត្រីជលផលចាប់ប្រជានេសាទ២នាក់ គំរាមយកប្រាក់នេះបានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលប្រជានេសាទទាំង២នាក់កំពុងឆក់ត្រីនៅ បឹងធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ។ ក្រោយពីទទួលរងការវាយធ្វើបាប និងតម្រូវឲ្យបង់លុយ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ប្រជានេសាទរងគ្រោះទាំង២នាក់បានចូលខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំយ៉ូវ ប្តឹងឈ្មោះ ខេន ភេទប្រុស មានទីលំនៅឃុំស្អាងភ្នំ ស្រុកស្អាង និងមន្ត្រីជលផល៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកគេទាំង២នាក់។

ប្រជានេសាទទាំង២នាក់នោះ ទី១-ឈ្មោះ ឆាន រៀម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនិងនេសាទ ទី២-ឈ្មោះ អុន ឃីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងនេសាទ ។ ជនរងគ្រោះទាំង២នាក់នេះមានទីលំនៅក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍យ៉ាងដូច្នេះថា ដោយសារតែជីវភាពខ្វះខាត នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ពួកគាត់ទាំង២នាក់និងអ្នកភូមិ៣ទៅ៤នាក់ទៀតបាននាំគ្នាជិះទូកទៅនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ឆក់ នៅទឹកបឹងធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ។ ពេលកំពុងធ្វើសកម្មភាពឆក់ត្រីស្រាប់តែលេចមុខជនស៊ីវិលម្នាក់ឈ្មោះ ខេន ភេទប្រុស មានទីលំនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង និងមន្ត្រីជលផល៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានចេញចាប់ខ្លួនពួកខ្លួនទាំង២នាក់ ខណៈដែលអ្នកឆក់ត្រីផ្សេងទៀតរត់គេចខ្លួន ។ បន្ទាប់ពីចាប់ខ្លួនពួកគេទាំង២នាក់ ឈ្មោះខេន និងក្រុមមន្ត្រីជលផលបានធ្វើសកម្មភាពវាយទាត់ធាក់មកលើរាងកាយ និងខ្លះទៀតបានប្រើប្រាស់វត្ថុរឹងវាយ បណ្តាលឲ្យពួកគេទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ទើបដាក់ខ្នោះដៃបញ្ជូនទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែងម្តុំភ្នំស្អាង ស្ថិតក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ។ ពេលទៅដល់ឈ្មោះ ខេន និងក្រុមមន្ត្រីជលផលបាននិយាយថា “ពួកអ្ហែងកុំប្តឹងអញ យកលុយ៥០ម៉ឺនមកបង់ ទើបអញដោះលែង ” ។

ជនរងគ្រោះបានបន្តថា ភ្លាមៗនោះពួកខ្លួនទាំង២នាក់បានទំនាក់ទំនងទៅក្រុមគ្រួសារតាមទូរស័ព្ទឲ្យដើរខ្ចីលុយអ្នកជិតខាងទាំងយប់ យកទៅបង់ឲ្យឈ្មោះ ខេន និងមន្ត្រីជលផល ទើបពួកគេដោះលែងខ្លួនទាំង២នាក់ឲ្យមានសេរីភាពវិញ ។ ជនរងគ្រោះបានបញ្ជាក់ថា ដោយសារតែទទួលយកភាពអយុត្តិធម៌នេះមិនបាន ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ពួកខ្លួនទាំង២នាក់សម្រេចចូលខ្លួនទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ ។

ពាក់ព័ន្ធទៅនឹងជនស៊ីវិលឈ្មោះ ខេន និងមន្ត្រីជលផល៤នាក់ចាប់ប្រជានេសាទវាយធ្វើបាបគំរាមទារប្រាក់នេះ អ្នកយកព័ត៌មាននគរវត្តបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ឃឹម ពេញ នាយសង្កាត់ជលផលស្អាង ដើម្បីសុំការបំភ្លឺ ។ លោក ឃឹម ពេញ បានបញ្ជាក់ថា ជនស៊ីវិលឈ្មោះ ខេន និងមន្ត្រីជលផល៤នាក់ខាងលើនេះមិនមែនជាកម្លាំងរបស់សង្កាត់ជលផលស្អាងនោះទេ គឺជាកម្លាំងរបស់លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌលរដ្ឋបាលជលផលកណ្តាលបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទថា តាមការស្តាប់ទៅជនស៊ីវិលឈ្មោះ ខេន និងមន្ត្រីជលផល៤នាក់នេះពិតជាកម្លាំងរបស់លោក តែលោកមិនដឹងថាពួកគេធ្វើសកម្មភាពចាប់ប្រជានេសាទល្មើសច្បាប់វាយធ្វើបាបគំរាមទារប្រាក់នោះទេ ។ ករណីនេះលោកនឹងហៅឈ្មោះ ខេន និងមន្ត្រីជលផលទាំងនោះមកធ្វើការសាកសួរ ៕ស្អាងជ័យ

 

IMG_1386 IMG_1387


ចែករំលែក៖