ភ្នំពេញ ៖ ទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី១៨-២២ ខែមីនា ឆ្នាំ២០២៥ តបតាមការ អញ្ជើញរបស់ លោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដ៏ខ្ពង់ខ្ពស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូចូលរួមសន្និបាតអន្តរជាតិស្តីពីការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសេវាសាធារណៈ៖ ការជំរុញតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល “Hamessing Digital Transformation to Strengthen Public Services: Advancing Transparency, Efficiency, and Effectiveness”។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួង ទេសចរណ៍និងបរិស្ថាន នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។
លោក កែវ សុទ្ធិ រួមជាមួយលោក ជាង វុត្ថា និង លោក ចាន់ទី សុធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ខ.) បានធ្វើបទបង្ហាញអំពីដំណើរបរិវត្តកម្មឌីជីថល នៅកម្ពុជា និងផ្ទាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ជូនលោករដ្ឋមន្ត្រី Miguel Marques Gonçalves Manetelu និងថ្នាក់ដឹកនាំដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន និងវាគ្មិនដែលមកពីបណ្តាប្រទេស មួយចំនួន រួមមាន អូស្ត្រាលី ឥណ្ឌូណេស៊ី វៀតណាម និងដៃគូតំបន់ជាច្រើនទៀត។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក.ប.ទ. និងក្រសួងដឹកជញ្ជូន និងសារគមនាគមន៍បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល ហើយក្រសួងទាំងពីរបាននិងកំពុងសហការក្នុង ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov នៅសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ដូចនេះ ឆ្លៀតក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ អ្នកជំនាញបច្ចេកទេសនៃ ក.ប.ទ. ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ និងភាគីពាក់ព័ន្ធ បាន ជួបពិភាក្សានិងសិក្សាលម្អិតអំពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl។ បន្ទាប់ពីពិភាក្សាលម្អិតនិងធ្វើការ វាយតម្លៃអំពីតម្រូវការនៃការងាររបស់សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេរួចមក ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍សម្រេចដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការ ចុះបញ្ជីយានជំនិះដែលចេញដោយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍។ ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូននិង សារគមនាគមន៍ បាននិងកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែមអំពីការដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ និង សញ្ញាបត្រឧត្តមសិក្សា ដែលចេញដោយក្រសួងអប់រំកម្រិតឧត្តមសិក្សា និងវិទ្យាសាស្ត្រនៃសាធារណរដ្ឋប្រជាធិតេយ្យ ទីម័រឡេស្តេ។
ផ្ទាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានមើលឃើញថាជាហេដ្ឋារចនា សម្ព័ន្ធសាធារណៈឌីជីថលថ្មីរបស់ពិភពលោក ដែលស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហ ប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈ ឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណា ប្រើប្រាស់ផ្ទាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ច និងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួនបន្ថែមទៀត ហើយ ក.ប.ទ. នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើប្រាស់ផ្ទាល verify.gov ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលផ្លូវការរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់ បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារ នៅលើថ្នាល verify.gov.kh ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើប្រាស់បច្ចេកវិទ្យា ប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារ ដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុង ទម្រង់ជាក្រដាសឡើយ ៕
ដោយ៖ សិលា