នៅម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី២៧ ខែមីនា (ម៉ោងក្នុងតំបន់) នាវាមុជទឹកទេសចរណ៍ Sindbad ដែលដឹកអ្នកទេសចរប្រហែល ៤៥ នាក់បានលិចក្នុងសមុទ្រក្រហមចម្ងាយប្រហែល ១ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Hurghada ។
យោងតាមស្ថានទូតរុស្ស៊ីប្រចាំប្រទេសអេហ្ស៊ីប អ្នកដំណើរទាំង ៤៥ នាក់នៅលើនាវាមុជទឹកនោះនោះជាជនជាតិរុស្សី ហើយកំពុងធ្វើដំណើរទៅទស្សនាផ្កាថ្មនៅក្រោមសមុទ្រនៅពេលដែលឧប្បត្តិហេតុអកុសលបានកើតឡើង។ មានក្មេងៗនៅក្នុងក្រុមទេសចរណ៍ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាមានកុមារណាម្នាក់បានស្លាប់នោះទេ។
ស្ថានទូតរុស្ស៊ីបាននិយាយថា “ព័ត៌មានដំបូងបង្ហាញថា អ្នកដំណើរភាគច្រើនត្រូវបានជួយសង្គ្រោះ និងនាំយកទៅសណ្ឋាគារ ឬព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Hurghada”។ ទោះយ៉ាងណាជោគវាសនារបស់អ្នកដំណើរជាច្រើននាក់ទៀតនៅមិនទាន់ដឹងនៅឡើយទេ។
បុគ្គលិកការទូតរុស្ស៊ីប្រចាំប្រទេសអេហ្ស៊ីបបានមកដល់ទីក្រុង Hurghada ដោយសន្យាថានឹងបន្តការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបញ្ជាក់អំពីឧប្បត្តិហេតុនេះ និងគាំទ្រដល់ពលរដ្ឋរុស្ស៊ីដែលពាក់ព័ន្ធ។
ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ 29 នាក់ អ្នករបួស 19 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែយ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់។
មូលហេតុនៃការលិចនាវាមុជទឹក Sindbad នៅមិនទាន់ដឹងនៅឡើយ។ អាជ្ញាធរកំពុងស៊ើបអង្កេត។ យោងតាមព័ត៌មាននៅលើគេហទំព័រ Sindbad Submarines អង្គភាពប្រតិបត្តិការកប៉ាល់ នាវាមុជទឹកនេះមានសមត្ថភាពអាចមុជបានដល់ជម្រៅអតិបរមា ២៥ ម៉ែត្រ បំពាក់ដោយកៅអីសម្រាប់ភ្ញៀវទេសចរចំនួន ៤៤ កៅអីអ្នកបើកបរចំនួន ២ និងបង្អួចកញ្ចក់មូល ដែលផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍នៃការទស្សនាផ្កាថ្មដោយមិនចាំបាច់មុជដោយផ្ទាល់ទៅបាតសមុទ្រ។
ឧបទ្ទវហេតុពាក់ព័ន្ធនឹងនាវាមុជទឹក Sindbad គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរចុងក្រោយបង្អស់ដែលបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ នៅក្នុងតំបន់សមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប។ កាលពីខែវិច្ឆិកាឆ្នាំមុន កប៉ាល់ Sea Story បានលិចនៅជិតរមណីយដ្ឋាន Marsa Allam របស់ប្រទេសអេហ្ស៊ីប បណ្តាលឲ្យមនុស្ស ១១នាក់បាត់ខ្លួន និងសន្មត់ថាបានស្លាប់៕ ដោយ៖ ធីរីណា
រូបថត៖ Standard