ខេត្តសៀមរាប ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត លោក ង៉ូវ សេងកាក់ បានដឹកនាំកិច្ចប្រជុំរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបណ្តាញខ្សែកាបអាកាសក្នុងក្រុងសៀមរាប ដែលមានការចូលរូមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបានរាយការណ៍អំពីខ្សែផ្លូវដែលត្រូវរៀបចំសរុប ១៩ខ្សែផ្លូវ ហេីយក្រុមការងារនឹងចុះរៀបចំមុនចូលឆ្នាំ មាន ៣ខ្សែផ្លូវ និង ១៦ខ្សែផ្លូវនឹងត្រូវចុះរៀបចំនៅក្រោយចូលឆ្នាំ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវសហការអនុវត្តការរៀបចំនេះឱ្យល្អ និងមានរបៀបរៀបរយ ដេីម្បីធ្វេីឱ្យក្រុងសៀមរាបរបស់យេីងមានសោភ័ណកាន់តែប្រសេីរឡេីងថែមទៀត។ ទន្ទឹមនេះ លោកក៏បានស្នេីដល់ក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយក្រុមការងារ ដេីម្បីឱ្យការរៀបចំនេះប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក៕
ដោយ ៖ សិលា