ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ចំពោះសោកនាដកម្មគ្រោះធម្មជាតិរញ្ជួយដីដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបាត់បង់អាយុជីវិត និងការរងរបួសមនុស្ស នៅតំបន់ម៉ាន់ដាឡេ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
បើយោងតាមប្រភព Khit Tith Media បានឱ្យដឹងថា ៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនលើស 1,700នាក់ ខណៈក្រុមជួយសង្គ្រោះអះអាងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងច្រើនជាងការរំពឹងទុក ខណៈសាកសពចាប់ផ្តើមធុំក្លិនចេញពីគំនរបាក់បែកនៃអគារដែលរលំ!
ក្រុមជួយសង្គ្រោះនៅទីក្រុង Mandalay បាននិយាយថា ក្នុងមួយថ្ងៃមានសាកសពមនុស្សប្រហែល 200 ទៅ 300សព ត្រូវបានរកឃើញ ហើយវាពិតជាលំបាកណាស់ក្នុងការរាប់ចំនួនពិតប្រាកដនៃអ្នកស្លាប់។
អ្នក ជួយ សង្គ្រោះ នៅ ទីក្រុង Sagaing និងតំបន់រងគ្រោះដទៃទៀត ក៏ និយាយ ក្នុងន័យស្រដៀងគ្នានេះដូចៗគ្នា។
សូមបញ្ជាក់ថា ៖ មីយ៉ាន់ម៉ារងការរញ្ជួយដីជាថ្មីទៀតនៅរសៀលថ្ងៃអាទិត្យនេះ ក្នុងកម្រិត៥.១រ៉ិចទ័រ ៕
ដោយ ៖ សិលា