ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ និទានប្រចាំថ្ងៃអាទិត្យ ÷ រឿង ៖ ក្អែកចាញ់ប្រាជ្ញាខ្យង

ចែករំលែក៖

   រដូវក្តៅដីបែកក្រហែង ធ្វើឲ្យបក្សាបក្សី និងមច្ឆជាតិទាំងពួងមានក្តីបារម្ភអនេកពីជីវិតរស់នៅដោយសារតែនៅតាមបឹងបួរ អូរ ត្រពាំង ត្រូវរីងស្ងួតទឹកដល់បាតដីស្ទើរគ្មានសល់។ នៅជាប់ត្រពាំងមួយដែលកំពុងរីងស្ងួតដោយសារមនុស្សម្នាជាន់រហាត់យកទឹកទៅដាក់ក្នុងស្រែ សត្វក្អែកមួយក្បាល បានហើររកទឹកផឹកបានមកចុះនៅមាត់ត្រពាំងនោះ ហើយឃើញកំពឹស ត្រីចង្វារ ត្រីកំភ្លាញនិងត្រីឯទៀតៗជាច្រើន កំពុងនាំគ្នារមៀលខ្លួនរកទឹកស្រែដើម្បីបន្តជីវិតរស់។ ពេលឃើញដូច្នោះសត្វក្អែកបាននិយាយទៅកាន់មច្ឆាទាំងនោះថា÷

  – បងត្រី បងកំពឹស! កំពុងសប្បាយណាស់មែនទេ បានជានាំគ្នារមៀលលើដីលេងយ៉ាងដូច្នេះ?

   ពេលឮយ៉ាងដូច្នេះ ក្រុមមច្ឆាទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំងនឹងសត្វក្អែកដែលនិយាយឌឺដងដល់ពួកគេ ខណៈដែលពួកគេកំពុងទុក្ខព្រួយនិងរកកន្លែងបន្តជីវិតមិនបាន ។

   សត្វខ្យងដែលគ្មានជើងវែងនឹងគេសញ្ជឹងគិតមួយសន្ទុះក៏រកវិធីបោកសត្វក្អែកដើម្បីឲ្យក្អែកជួយបង្ហូរទឹកពីស្រែចូលត្រពាំងវិញ ។ ខ្យងនិយាយទៅកាន់ក្អែកថា ÷

  – ស្លាប់ហើយសត្វស្លាបអស់គេមានសម្បុររោមពណ៌ល្អៗណាស់ហេតុអីតែបងក្អែកឯងមានសម្បុរខ្មៅគគ្រិកខុសគេអ៊ីចឹង? ទៅណាមកណាមិនខ្លាចគេខ្ពើមទេឬ?

   ក្អែកឮដូច្នេះក៏តបថា បងខ្យងអើយ! ខ្ញុំចង់មានពណ៌សម្បុរស្អាតដូចគេឯងដែរ តែមិនដឹងធ្វើយ៉ាងម៉េច កើតមកមានពណ៌សម្បុរខ្មៅអ៊ីចឹង សូមបងខ្យងជួយប្រាប់ខ្ញុំផង។

   ខ្យងតបថា ” មិនពិបាកទេបើបងក្អែកឯងធ្វើតាមខ្ញុំ នោះរោមពណ៌សម្បុរបងក្អែកឯងនឹងសស្អាតដូចសត្វហង្សអ៊ីចឹង”។

   ក្អែកអរណាស់ ក៏សួរទៅខ្យងម្ដងទៀតថា តើឲ្យខ្ញុំធ្វើម៉េចទៅ?

   មិនពិបាកទេ ដោយគ្រាន់តែបងក្អែកឯងកាយទំនប់ពីស្រែឲ្យទឹកហូរចូលត្រពាំងពេញវិញ នោះបងក្អែកឯងនឹងប្រែពណ៌សម្បុរស្អាតដូចសត្វស្លាបឯទៀតមិនខាន។ 

   បានឮហើយសត្វក្អែកអរណាស់ក៏ចាប់ផ្ដើមខំយកជើងកាយទំនប់ទឹកស្រែពីព្រឹកដល់ល្ងាចរហូតធ្លាយទឹកចូលត្រពាំងពេញធ្វើឱ្យមច្ឆជាតិត្រេកអរ បានជីវិតរស់ឡើងវិញ។

   បន្ទាប់មកក្អែកចាប់ផ្ដើមសួរទៅខ្យងថា ខ្ញុំធ្វើតាមបងខ្យងប្រាប់ហើយ ហេតុអ្វីខ្លួនខ្ញុំនៅតែខ្មៅគ្រីកដដែល?

   ខ្យង និងមច្ឆាឯទៀតនាំគ្នានិយាយតបទៅក្អែកវិញថា ពួកខ្ញុំអរគុណបងក្អែកហើយដែលកាយបង្ហូរទឹកចូលត្រពាំងឲ្យពួកយើងរស់ឡើងវិញ។ ឯរឿងថា ពណ៌សម្បុរបងចង់ប្ដូរ ពី ខ្មៅ ឲ្យដូចសត្វស្លាបឯទៀតនោះ ខ្ញុំមិនដឹងទេ សូមបងសួរទៅព្រះឥន្ទវិញទៅ ព្រោះព្រះឥន្ទជាអ្នកកំណត់ឲ្យសត្វលោកមានរាងកាយ ពណ៌សម្បុរខុសៗគ្នា ៕ (ហុកបួន)


ចែករំលែក៖