ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំពញាឮកំពុងខ្វាយខ្វល់បញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអីុមិុចមិនទាន់ដោះស្រាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ខណៈដែលរដូវធ្វើស្រែប្រាំងជិតចូលមកដល់ប្រជាពលរដ្ឋ ជាង១រយគ្រួសារ រស់នៅក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផានអីុម៉ិច កាលពីពេលថ្មីៗកន្លងទៅនេះបានជំរុញឲ្យស្ថាប័នជំនាញជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់ ។

ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអីុមិុចបានលើកឡើងថា ដីស្រែរបស់ពួកគាត់ដែលរដ្ឋចែកឲ្យក្នុង១គ្រួសារៗ ប្រមាណ៦អា សម្រាប់ធ្វើស្រែ ចិញ្ចឹមជីវភាព ប៉ុន្តែស្រាប់តែកាលពីអំឡុងឆ្នាំ២០១៣-២០១៤ បែរជាក្រុមហ៊ុនផានអីុម៉ិចមកអះអាងថា ជាដីរបស់គេដែលបានទិញពីពលរដ្ឋទៅវិញ ហើយបានជីកទំនប់ ព័ទ្ធមិនឲ្យធ្វើស្រែ ។ ក្រុមអ្នកភូមិបានបន្តថា តាមពិតទៅក្រុមហ៊ុនផានអីុម៉ិចបានទិញដីចោះៗនៅក្នុងភូមិទួលអំពិលក្នុងឃុំពញាឮដែរ ប៉ុន្តែគេបែរជាមកយកដីពួកគាត់ ។

ព្រឹកថ្ងៃទី៩ ខែកញ្ញានេះ នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនផានអីុម៉ិច ដែលរងការចោទប្រកាន់នោះបាននៅឡើយទេ។ ប៉ុន្តែបើតាមលោក រស់ ស្រស់ អតីត មេឃុំពញាឮឲ្យដឹងថា កន្លងទៅគាត់បានចុះហត្ថលេខាផ្ដល់ដីឲ្យក្រុមហ៊ុនផានអីុម៉ិច នៅក្នុងភូមិទួលអំពិលមិនមេភូមិពញាឮទេ ប៉ុន្តែក្រុមហ៊ុនបែរជាមកយកដីរបស់ពលរដ្ឋនៅក្នុងភូមិពញាឮ ។ លោកថា ធ្វើរបៀប នេះមិនត្រឹមត្រូវទេ ។

គួរបញ្ជាក់ថា នៅក្នុងការតស៊ូក្ដីតាមផ្លូវតុលាការនាពេលកន្លងទៅភាគីពលរដ្ឋបានឈ្នះក្ដីក្រុមហ៊ុនជាបន្តបន្ទាប់ ប៉ុន្តែទីបំផុត ពួកគាត់នៅតែពុំមានសិទ្ធិកាន់កាប់ដីប្រកប ដោយសុវត្ថិភាពបាន ។ កាលពីចុងខែសីហា កន្លងទៅក្រុមអ្នកភូមិទាំងនោះក៏ធ្លាប់លើកគ្នា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី និងនគរូបនីយកម្មផងដែរ ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតែទទូចសុំឲ្យស្ថាប័នជំនាញជួយពន្លឿនដោះស្រាយសំណុំរឿងនេះឲ្យបានឆាប់ ៕ ហេង នរិន្ទ្រ

a1-2 a1-1

 


ចែករំលែក៖