ព័ត៌មានទាន់ហេតុការណ៍៖

សាលាបឋមសិក្សាចាងណាងដង្ហោយហៅរកសប្បុរសជនជួយខណៈអគារចាស់ប្រេះទ្រុឌទ្រោម

ចែករំលែក៖

ខេត្តព្រៃវែង ៖ សាលាបឋមសិក្សា ចាងណាង ដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានអគារមួយខ្នង កំពុងស្ថិតក្នុង សភាពចាស់ ទ្រុឌទ្រោម ប្រេះរបេះថ្មជា អន្លើៗ បង្កឲ្យកើតក្តីព្រួយបារម្ភខ្លាចបាក់ ស្រុតគ្រោះថ្នាក់ ដល់សិស្សានុសិស្ស លោក គ្រូអ្នកគ្រូ ដែលចូលទៅរៀនសូត្រក្នុង ថ្នាក់រៀននោះ ។ រហូតមកដល់ពេលនេះក្តីបារម្ភភ័យព្រួយ របស់សិស្ស មាតា បិតា សិស្ស លោកគ្រូអ្នកគ្រូនៅតែកើតមាន ហើយពួកគាត់សូមអំពាវនាវរកសប្បុរស ជនឲ្យជួយដល់សាលាខាងលើនេះផង ។

លោក កែវ សុវណ្ណា នាយកសាលា បឋមសិក្សាចាងណាងបានឲ្យដឹងថា អគារ សម្រាប់សិក្សាខាងលើមានចំនួន២ខ្នង ចែកចេញជា៦បន្ទប់ តែអគារ ដែលមាន ២បន្ទប់នោះសភាពចាស់បាក់បែកប្រេះ ដំបូលលិចទឹក ហើយជ្រុះរបេះថ្មជា អន្លើៗទៅហើយ ដោយសារសាលាពុំមាន ថ្នាក់រៀន ទើបសិស្សចូលរៀនក្នុងសាលា បាក់បែកទាំងក្តីព្រួយបារម្ភ ។ លោកបន្ត ទៀតថា សិស្សានុសិស្សចេះតែកើនឡើងរាល់ឆ្នាំសម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ នេះសិស្សរុបចំនួន២៧៤នាក់ ស្រី១៣៥ នាក់ ហើយសាលាខាងលើមានបុគ្គលិក សិក្សា៩នាក់ ស្រី៤នាក់ បង្រៀនរាល់ថ្ងៃ ។

លោកនាយកសាលាបានឲ្យដឹងទៀត ថា អគារសិក្សាបានសាងសង់ឡើង ជា ច្រើនឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ មានអគារមួយខ្នងទទួលរងនូវការ ទ្រុឌទ្រោម ប្រេះជញ្ជាំងបាក់បែក ពុកផុយ ទ្វារបង្អួចអស់ ហើយសិស្សចូលរៀនទាំង ព្រួយបារម្ភខ្លាចបាក់ធ្លាក់មកលើបង្កគ្រោះ ថ្នាក់ ។

បើតាមមាតាបិតាសិស្សបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានតែ សាលាបឋមសិក្សាខាងលើទេ ដែលអាច ឲ្យកូនចៅរបស់ពួកគាត់មានលទ្ធភាពទៅរៀនសូត្រ បើខុសពីសាលាខាងលើមានតែ នៅឆ្ងាយៗ ក្មេងៗជួបការលំបាកធ្វើដំណើរទៅរៀនសូត្រ ។ មកដល់ពេលនេះសាលា ខាងលើមានអគារមួយខ្នងទទួលរងភាពទ្រុឌទ្រោមបង្កឲ្យមានការព្រួយបារម្ភខ្លាច គ្រោះថ្នាក់ដល់កូនចៅ ។

ហេតុនេះលោកគ្រូអ្នកគ្រូ មាតាបិតា សិស្ស សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ សប្បុរសជន មេត្តាជួយជួសជុលអគារ របស់សាលារៀនខាងលើនេះផង ដើម្បីផ្តល់ ភាពកក់ក្តៅដល់សិស្ស លោកគ្រូអ្នកគ្រូ ចូលរៀននិងបង្រៀនក្នុងអគារមួយនេះ ៕  ហេង នរិន្ទ្រ

 

school-4 school-2 school-3 school-5


ចែករំលែក៖