ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយទៅបុករថយន្តទួរីសបើកឆ្លងផ្លូវជាតិលេខ៤ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូមែត្រ២១-២២ ស្ថិតក្នុងភូមិ/ ឃុំបែកចាន ស្រុកអង្គស្នួល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុករួមជាមួយមធ្យោបាយពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា អ្នកបើកបររថយន្តដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សៀ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកអ្នកដំណើរ មានទីលំនៅភូមិត្នោតបាក ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើករថយន្តទួរីសម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-8914 ។ ចំណែកឯជនរងគ្រោះឈ្មោះ អឿ អែម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB-8914 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តទួរីសបើកបរក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវជាតិលេខ៤ ខណៈនោះក៏ត្រូវម៉ូតូបើកមកពីលិចទៅកើតបុកពេញមួយទំហឹង បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ៕ ស្អាងជ័យ