ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើកត្តាសុខសន្តិភាពបាននាំមកនូវឱកាសអ្វីខ្លះ?

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា កត្តាសុខសន្តិភាព និងការឈប់វាយប្រយុទ្ធគ្នា បានផ្តល់ឱកាសឱ្យប្រទេសជាតិយើង ធ្វើការអភិវឌ្ឍនិងកសាងសមិទ្ធផលជាក់ស្តែងជាច្រើននៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំ រថយន្ត Ford ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងដឹងច្បាស់ហើយថា សមិទ្ធផលទាំងអស់ ច្បាស់ជាមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែដោយសារកត្តាសន្តិភាព បានធ្វើឱ្យយើងមានឱកាសកសាងបន្តទៅមុខទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាពនេះដែរ បានធ្វើឱ្យប្រជាជនកម្ពុជា បានសប្បាយរីករាយគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលទើបបញ្ចប់ថ្មីៗនេះផងដែរ។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា ៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរំលឹកថា ៖ កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ដែលគ្រោងអនុវត្តជំហានដំបូងនៅខេត្តស្ទឹងត្រែងនោះ មានពលរដ្ឋបានដាក់ពាក្យស្នើសុំ ចំនួន ១០០០០ នាក់រួចហើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ឥឡូវនេះគណៈកម្មការជំនាញកំពុង ពិនិត្យមើលរកអ្នកដែលខ្វះខាតដីពិតប្រាកដ ដើម្បីផ្ដល់ដីជូន ៕

ដោយ ៖ សិលា


ចែករំលែក៖