ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងគំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយទៅជាផេះ រលាយបាត់ពីផែនទីពិភពលោក

ចែករំលែក៖

កូរ៉េខាងត្បូងមានគម្រោងកម្ទេចរដ្ឋធានីកូរ៉េខាងជើង ប្រសិនបើហ៊ានតែប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារណាមួយនោះ ។ នេះបើយោងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងសេអ៊ូល ។

ប្រភពពីមន្ត្រីយោធាមួយរូបបានប្រាប់ទីភ្នាក់ងារ យុនហាប់ ថា ទីក្រុងព្យុងយ៉ាងទាំងមូល«នឹងត្រូវបំផ្លាញទាំងស្រុងដោយមីស៊ីលបាល់ស្ទិក និងគ្រាប់ផ្ទុះដែលមានកម្លាំងខ្លាំង» ។

កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងមកនេះ ក្រុងព្យុងយ៉ាងបានធ្វើនូវអ្វីដែលកូរ៉េខាងជើងហៅថា ជាលើកទី៥, មានទំហំធំបំផុត គឺការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ។ សហគមន៍អន្តរជាតិបានអះអាងថា ពួកគេកំពុងពិចារណាឆ្លើយតបចំពោះទង្វើមួយនេះ ។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនពិចារណាដាក់ទណ្ឌកម្មដោយខ្លួនឯង បន្ថែមលើទណ្ឌកម្មណាមួយផ្សេងទៀតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ជប៉ុន និងកូរ៉េខាងត្បូង ។

កាលពីថ្ងៃទី១១ ខែកញ្ញា ទីក្រុងព្យុងយ៉ាងបានហៅការគំរាមកំហែងនេះថា «ជាទណ្ឌកម្មដែលអត់បានការអ្វីទាំងអស់…និងជារឿងដែលគួរឲ្យអស់សំណើចជាទីបំផុត» ។

យោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មានយុនហាប់ថា ភូមិសាស្ត្រព្យុងយ៉ាង ដែលជាជម្រកលាក់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើងនោះ នឹងក្លាយជាគោលដៅពិសេស បើមានការវាយប្រហារណាមួយកើតឡើង ។ ទីតាំងនោះ នឹងក្លាយទៅជាផេះ ហើយរលាយបាត់ឈ្មោះពីផែនទី ។

កូរ៉េខាងត្បូងបានប្រើវោហាសាស្ត្រគួរឲ្យព្រឺខ្លាចនេះ ដូចដែលកូរ៉េខាងជើងធ្លាប់ប្រើប្រាស់គំរាមកំហែងរដ្ឋាភិបាលកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល ។ គេបានរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ ដែលរារាំងមិនបានសម្រេច នូវមហិច្ឆតានុយក្លេអ៊ែររបស់មេដឹកនាំឯកោកូរ៉េខាងជើង គីម ជុងអ៊ុន ។ នេះបើតាមអ្នកជំនាញវិភាគបញ្ហាខាងលើរបស់ប៊ីប៊ីស៊ី លោក Steve Evans ។

ព័ត៌មានពាក់ព័ន្ធផែនការវាយប្រហារទៅលើកូរ៉េខាងជើងរបស់កូរ៉េខាងត្បូង ត្រូវបានគេជឿថា បានបញ្ជូនទៅកាន់សភារួចហើយ បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊េរកាលពីថ្ងៃសុក្រ សប្តាហ៍មុននោះ ។

ក្នុងអំឡុងពេលបច្ចុប្បន្ននេះដែរ បេសកជនពិសេសសហរដ្ឋអាមេរិកសម្រាប់បញ្ហាកូរ៉េខាងជើងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពិចារណាដល់សកម្មភាពជាឯកតោភាគីប្រឆាំងទៅលើទីក្រុងព្យុងយ៉ាង ។ លោក Sun Kim បានថ្លែងថា «កូរ៉េខាងជើងបន្តកើនឡើងការគំរាមកំហែងនៅក្នុងតំបន់ គំរាមកំហែងសម្ពន្ធមិត្តរបស់យើង និងខ្លួនយើងផ្ទាល់ ដូច្នេះ យើងនឹងធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីការពារការគំរាមកំហែងនោះ» ។ លោកបន្តថា បន្ថែមទៅលើទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ, សហរដ្ឋអាមេរិក ជប៉ុន រួមជាមួយកូរ៉េខាងត្បូងផងដែរ នឹងពិនិត្យមើលវិធានការជាឯកតោភាគី, ជាឧបតោភាគី ព្រមទាំងជាត្រីភាគី ដើម្បីធ្វើសហប្រតិបត្តិការជាមួយគ្នា ។

កូរ៉េខាងជើងត្រូវអង្គការសហប្រជាជាតិហាមប្រាម មិនអនុញ្ញាតឲ្យបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាមីស៊ីលអ្វីនោះឡើយ ក៏ដូចជាទណ្ឌកម្ម៥ចំណុចផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីប្រទេសនេះបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊េរដំបូងគេក្នុងឆ្នាំ២០០៦ ។

កូរ៉េខាងជើងបានអះអាងថា ការសាកល្បងកាលពីថ្ងៃសុក្រនោះ គឺជាការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានស្តង់ដារ មានសមត្ថភាព អាចបំពាក់លើគ្រាប់មីស៊ីលប្រកបដោយយុទ្ធសាស្ត្រ ។

មានការ ប៉ានស្មានខុសគ្នាអំពីទម្ងន់គ្រាប់ដែលកូរ៉េខាងជើងបាញ់សាកល្បង ។ យោធាកូរ៉េខាងត្បូងបញ្ជាក់ថា មានទម្ងន់ប្រហែល១០គីឡូក្រាម រីឯអ្នកជំនាញវិញ បញ្ជាក់ថា មានទម្ងន់ប្រហែល២០គីឡូក្រាម ឬច្រើនជាងនេះ ៕ ថាច់ យ៉ាត

 

korea-exercise-735x400

 

 


ចែករំលែក៖