ខេត្តពោធិ៍សាត់៖ ស្រ្តីសង្ស័យមុខសញ្ញាឆបោកយ៉ាងសកម្មម្នាក់ ត្រូវបានក្រុមម៉ូតូឌុប និងប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីសង្ស័យត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ ទូច សុខណា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំហានជ័យ ស្រុកផ្លូវ ខេត្តក្រចេះ ។
ប្រភពបន្តថា មុនកើតហេតុមានស្រ្តីម្នាក់ដើរផ្សារទិញឥវ៉ាន់ស្រែកហៅឲ្យពូម៉ូតូឌុបឲ្យជួយថា មានស្រ្តីពីរនាក់នាំស្រ្តីម្នាក់ទៅដោះខ្សែក ខ្សែដៃ មាស ខណៈនោះក្រុម ពូៗម៉ូតូឌុបបានតាមរក ក៏ប្រទះឃើញស្រ្តីជនសង្ស័យ២នាក់នៅចំណុចឈាងខាងលិចជ្រុងខាងត្បូងនៃផ្សារកំពុងដើរគៀបស្រ្តីម្នាក់ ពួកគាត់សង្ស័យ ក៏បានសាកសួរស្រ្តីទាំងបីនាក់នោះថា នាំគ្នាទៅណា ? ស្រាប់តែស្រ្តីពីរនាក់បានរត់គេចបែកផ្លូវគ្នា នៅសល់តែស្រ្តីម្នាក់ដែលគេសង្ស័យកំពុងចាញ់កល់ល្បិចបានស្រែកឲ្យគេឯងជួយ ពេលនោះក៏បានភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋតែម្ដង ចំណែកក្រុមពូៗម៉ូតូឌុបបានតាមដេញរកស្រ្តីពីរនាក់ដែលបានរត់គេចខ្លួន ហើយក៏ចាប់បានស្រ្តីសង្ស័យម្នាក់ខាងលើយកមកប្រគល់ឲ្យនគរបាលផ្សារពោធិ៍សាត់ដើម្បីចាត់ការបន្ត។
ប្រភពដដែលបន្តទៀតថា យោងតាមសាក្សី និងរឿងរ៉ាវនាពេលកន្លងមកឃើញថា ស្រ្តីជាជនសង្ស័យ ពិតជាមុខសញ្ញាឆបោកដោយប្រើល្បិចកល់ដូចជាធ្វើឲ្យជ្រុះលុយ ឬមាសក្លែងក្លាយ ហើយបើមានអ្នករើសពួកគេលួងលោមគៀបយកទៅកន្លែងស្ងាត់ដើម្បីដោះដូរលុយសុទ្ធរឺមាសសុទ្ធ ប៉ុន្តែសកម្មភាពស្រ្តីសង្ស័យជាមុខសញ្ញាខាងលើធ្វើមិនបានសម្រេចនោះទេ ក៏ត្រូវបែកការទើបប្រជាពលរដ្ឋព័ទ្ធចាប់បានម្នាក់យកទៅប្រគល់ឲ្តសមត្ថកិច្ចតែម្តង ករណីនេះសមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់បានបំពេញសំណុំបែបបទបញ្ជូនខ្លួនស្រ្តីសង្ស័យខាងលើនេះ ទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ៕ ប៉ឹម ពិន