ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលបានប្រគល់អាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនមេស្កូហ្គោល (mescogold) ធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី បន្ទាប់ពីស្ថាប័នជំនាញពាក់ព័ន្ធសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់នានាជូនប្រជាពលរដ្ឋរួចរាល់ ហើយចាប់ដំណើរការ នៅដើមខែវិច្ឆិកា ខាងមុខនេះ ។
លោកហាស វិហ្សាម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមេស្កូហ្គោល បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើអាជ្ញាប័ណ្ណរួចហើយ ដូច្នេះក្រុមហ៊ុនរៀបចំ ផែនការទិញគ្រឿងចក្រ និងហ្វឹកហ្វឺនកម្មករជំនាញក្នុងអាជីវកម្មរ៉ែព្រមទាំងសាងសង់រោងចក្រផលិតមាសឲ្យរួចរាល់នៅចុងឆ្នាំ២០១៧ ។
លោកនាយកប្រតិបត្តិ បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានកម្មករ១៨នាក់ ប៉ុន្តែក្រុមហ៊ុនត្រូវការកម្មករដល់ទៅជាង២០នាក់ នៅពាក់កណ្តាល ខែតុលានេះ ។
ចំនួនកម្មករនឹងត្រូវជ្រើសរើសបន្ថែមរៀងរាល់ខែពី៧០ទៅ៨០នាក់ រហូតដល់ខែកុម្ភៈឆ្នាំ២០១៧និងជាបន្តបន្ទាប់កម្មករ កើនឡើងរហូតជាង ២០០នាក់ ខណៈក្រុមហ៊ុនដំណើរការអាជីវកម្មពេញលេញ ។
លោកញ៉ែម សំអឿន អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរីមានប្រសាសន៍កន្លងមកថា ការបើកឧស្សាហកម្មរ៉ែមាសលើកដំបូងនៅខេត្តរតនគិរីនោះ ជាដំណើរការអភិវឌ្ឍមួយដ៏មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍សម្រាប់ថវិកាជាតិ និងការអភិវឌ្ឍជាក់ស្តែងក្នុងតំបន់ប្រតិបត្តិការធ្វើអាជីវកម្ម ។
លោក ញ៉ែម សំអឿន បានបន្តថា សហគមន៍មូលដ្ឋានផ្ទាល់ជាពិសេសប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅតំបន់ធ្វើអាជីវកម្មនិងទទួលបានការងារធ្វើជាអាទិភាពនិងរកប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ ។
លើសពីនេះទៀតក្រុមហ៊ុននឹងចូលរួមអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋ តាមកិច្ចព្រមព្រៀងស្តីពីការវិនិយោគ ព្រោះធម្មតារោងចក្រធ្វើកន្លែងណាហើយ គេនឹងអភិវឌ្ឍន៍កន្លែងនោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនមេស្កូ ហ្គោល(MescoGold)ជារបស់ប្រទេសឥណ្ឌាធ្វើអាជីវកម្មរ៉ែមាសនៅឃុំពាក់និងឃុំយ៉ាទុងស្រុកអូរយ៉ាដាវរយៈពេល៣០ឆ្នាំលើផ្ទៃដីខាងលើ៥០ហិកតាជម្រៅចុះទៅក្រោមដី៣០ម៉ែត្រនិងទំហំវិនិយោគក្រោមដី ១២គីឡូម៉ែត្រការ៉េក្រុមហ៊ុនគ្រោងចំណាយថវិកាជាង ៤០០លានដុល្លារ សម្រាប់ចំណាយលើគម្រោងរ៉ែមាសនេះ ។
ក្រុមហ៊ុនត្រូវបង់ពន្ធចូលថវិកាជាតិប្រមាណ៤០០លានដុល្លារខណៈក្រុមហ៊ុនរំពឹងថា នឹងរកចំណូលបាន ៤៥៧លានដុល្លារក្រោយពីដកប្រាក់ពន្ធរួចរាល់ ។
សមាគមអាដហុកខេត្តរតនគិរី លោក ឆាយ ធីបានប្រាប់ឲ្យដឹងថា កន្លងទៅអ្នកភូមិបានយល់ព្រមដោយស្ម័គ្រចិត្តទទួលយកដំណោះស្រាយសំណងផលប៉ះពាល់បន្ទាប់ពីក្រុមហ៊ុនបានបើកកិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ។
គួរបញ្ជាក់ថាក្រុមហ៊ុនមេស្កូ ហ្គោល ចាប់ផ្តើមផលិតមាសនៅដើមឆ្នាំ២០១៨ បន្ទាប់ពីរោងចក្រសាងសង់រួច ដោយក្នុងមួយថ្ងៃអាចផលិតមាសបាន២ពាន់ក្រាមពីរ៉ែថ្មចំនួន៥០០តោន ជីកពីក្នុងអណ្តូងរ៉ែក្នុងមួយថ្ងៃៗ ៕ វុទ្ធឦសាន