ព័ត៌មានទាន់ហេតុការណ៍៖

កុំព្យូទ័រយួរដៃ១៥គ្រឿងនឹងប្រគល់ជូនសិស្ស១៥នាក់នៅស្វាយរៀងទោះខេត្តនេះគ្មានសិស្សជាប់និទ្ទេសA

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)បាន ប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី១០ និងទី១១ ខែកញ្ញានេះ ដែលមានអ្នកជាប់ទិន្ទេសAរហូតដល់ជាង៤០០នាក់។ បើទោះបីជាខេត្តស្វាយរៀងមិនមានសិស្ស ដែលអាចទទួលបាននិទ្ទេសខ្ពស់លំដាប់Aក៏ដោយក៏សប្បុរសជន ពិសេសព្រះតេជ គុណនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ ២៤ វត្តនាគវ័នរាជធានីភ្នំពេញនៅតែ រក្សាជំហរប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនៅខេត្តនេះចំនួន១៥រូបនូវកុំព្យូទ័រចំនួន ១៥គ្រឿងជាការលើកទឹកចិត្ត។

ការបញ្ជាក់ពីជំហរបន្តប្រគល់នូវសម្ភារសិក្សាលើកទឹកចិត្តនេះត្រូវបានធ្វើឡើងក្រោយពីព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានសន្យាកាលពីពេលកន្លងទៅ។ ព្រះតេជគុណមានថេរដីកាថាអាត្មាភាពពិតជាមានការសោកស្ដាយចំពោះសិស្សានុសិស្ស ខេត្តស្វាយរៀងយើងមិនអាចដណ្ដើមបាននិទ្ទេសA ពីការប្រលងបាក់ឌុបឆ្នាំ២០១៦ នេះ។ តែបើទោះបីលទ្ធផលយ៉ាងណា អាត្មាភាពនៅតែធ្វើតាមការសន្យា។

រង្វាន់កុំព្យូទ័រLaptopថ្មី១៥គ្រឿងសម្រាប់សិស្សជាប់បាក់ឌុបពិន្ទុច្រើនជាងគេប្រចាំខេត្តស្វាយរៀងនៅតែមាន។ព្រះតេជគុណបន្តថាការសម្រេចផ្ដល់រង្វាន់កុំព្យូទ័រចំនួន១៥គ្រឿងដូចបានរៀបរាប់ខាងលើក៏ព្រោះតែអាត្មាភាពគឺជាអ្នកមានដើមកំណើតមកពីខេត្តស្វាយរៀងដូចគ្នាដោយចង់ចូលរួមលើកទឹកចិត្តដល់ប្អូនៗក្មួយៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីចូលរួមអភិវឌ្ឍក្រុមគ្រួសារក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន។កុំព្យូទ័រLaptopថ្មីទាំង១៥គ្រឿងនេះសម្រាប់តែអ្នកដែលទទួលបានពិន្ទុច្រើនជាងគេក្នុងខេត្តស្វាយរៀងប៉ុណ្ណោះដោយមិនគិតពីនិទ្ទេសឡើយហើយក្នុងម្នាក់ទទួលបាន១គ្រឿង។ក្រុមការងារអាត្មាភាពនឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀងដើម្បីមកទទួលរង្វាន់ក្នុងពេលឆាប់ៗនេះ។ ព្រះអង្គបញ្ជាក់ដែរថា កុំព្យូទ័រ Laptop ថ្ទាំងនេះបានមកពីទឹកព្រះទ័យព្រះតេជគុណ ក៏ដូចជាការចូលរួមចំណែកពីញាតិញោមពុទ្ធបរិស័ទដែលមានទឹកចិត្តជ្រះថ្លាជួយឧបត្ថម្ភផងដែរ។

ជាមួយគ្នានេះព្រះតេជគុណក៏បានធ្វើការផ្តាំផ្ញើលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងធ្លាក់ និងមិនទទួលបាននិទ្ទេសល្អគួរបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តព្រោះតែអនាគតនៅវែងឆ្ងាយនិងមានឱកាសច្រើនដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួនបាន។ ជាមួយគ្នានេះព្រះតេជគុណក៏បន្តផ្តាំផ្ញើដល់សិស្សានុស្ស ដែលសិក្សានៅខេត្តខាងលើដែលនឹងចូលដល់ថ្នាក់ទី១២នៃឆ្នាំសិក្សាថ្មី២០១៦-២០១៧ខាងមុខឲ្យខិតខំសិក្សារៀនសូត្រចាប់ពីពេលនេះតទៅ ហើយព្រះតេជគុណសន្យានឹងបន្តជួយជំរុញលើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្តែង៕  វឌ្ឍនា

unnamed-4 unnamed-3 unnamed-2 unnamed-1 unnamed


ចែករំលែក៖