ខេត្តកំពង់ធំ ៖ ឈើចំនួន៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់សឺន័រ២០គ្រឿង ត្រូវបានដឹកបញ្ជូនមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត កំពង់ធំ ក្រោយពីបានចុះបង្រ្កាបនៅក្នុង តំបន់ព្រៃឡង់ ក្នុងទឹកដី ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីក្រសួងបរិស្ថានបានប្រគល់ការងារអភិរក្សនិងទប់ស្កាត់ការកាប់រុករានបំផ្លាញព្រៃឈើនៅ ក្នុងតំបន់ព្រៃឡង់ និងដាក់បទបញ្ជា ដោយលោកអ៊ុតសំអន អភិបាលខេត្ត កំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំឲ្យទប់ស្កាត់និងបង្រ្កាប បទល្មើសព្រៃឈើក្នុងភូមិសាស្រ្តគ្រប់គ្រងដោយមន្ទីរបរិស្ថានលោកបានដឹកនាំកម្លាំងចុះបង្រ្កាបចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅ៤ចំណុច ក្នុងនោះមាន ចំណុចច្រកតោ ចំណុចអូរងាវ ចំណុច ព្រះអាទិត្យ និងចំណុចស្រែព្រីង ហើយបាន ប្រមូលបាន ឈើតាប់ ឈើក្តារ សរុបចំនួន ៤៧ម៉ែត្រគូប និងម៉ាស៊ីនត្រង់សឺន័រចំនួន ២០គ្រឿងយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រោយពីមន្រ្តី បរិស្ថានបានធ្វើសកម្មភាពចុះបង្រ្កាបមកគេក៏សង្កេតឃើញថា បទល្មើសនៅក្នុងព្រៃ ឡង់ មានការថយចុះគួរឲ្យកត់សម្គាល់ តែ បែរជាមានបទល្មើស នៅផ្នែកខាងក្រៅជុំវិញព្រៃឡង់ទៅវិញ ។ ដូច្នេះលោកសូម សំណូមពរឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ជួយទប់ស្កាត់បង្រ្កាបបទល្មើសទាំងនេះឲ្យព្រមគ្នា ដើម្បីការពារ ។
មហាជនស្វាគមន៍ចំពោះចំណាត់ការ របស់លោក អ៊ុត សំអនអភិបាលខេត្តកំពង់ធំ និងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានចុះបង្ក្រាបករណីកាប់បំផ្លាញឈើនៅតំបន់ព្រៃឡង់ដើម្បីថែរក្សានិង ទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងព្រៃ ឡង់បន្តទៀត ៕ ប៊ុន រិទ្ធី