ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារខេត្ដកណ្ដាលជាច្រើនលើកទើបចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាលៈ ទណ្ឌិតដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្ដកណ្ដាលបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅទីនោះបានសម្រេចច្រើនលើកច្រើនសារចុងក្រោយទើបមន្រ្ដីអនុរក្សពន្ធនាគារឆែកឆេរបង្រ្កាបឃាត់ខ្លួនស្រ្ដីជាម្ដាយ ខណៈដែលលាក់ទុកគ្រឿងញៀនចំនួន១០កញ្ចប់នៅក្នុងគ្រាប់ស្វាយនាំចូលទៅក្នុងពន្ធនាគាទៅអោយទណ្ឌិតរូបនេះ ។

ប្រតិបត្ដិការឃាត់ខ្លួនស្រ្ដីជាម្ដាយទណ្ឌិតធ្វើឡើងកាលពីវេលាម៉ោង១៤និង៥០នាទី ត្រង់ចំណុចច្រកចូលពន្ធនាគារខេត្ដកណ្ដាល ។ បន្ទាប់ពីឃាត់ខ្លួនស្រ្ដីខាងលើនេះមន្រ្ដីអនុរក្សពន្ធនាគារសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលនាំខ្លួនស្រ្ដីសង្ស័យនិងទណ្ឌិតដែលជាប់ពាក់ព័ន្ធយកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកណ្ដាលបានឲ្យដឹងថា ស្រ្ដីសង្ស័យឈ្មោះ សាត បូរ៉ានី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ស្រ្ដីរូបនេះបានយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១០កញ្ចប់លាក់ទុកនៅក្នុងគ្រាប់ស្វាយចំនួន២គ្រាប់ដើម្បីបន្លំចូលទៅក្នុងពន្ធនាគារខេត្ដកណ្ដាលទៅឲ្យកូនប្រុសជាទណ្ឌិតធ្វើសកម្មភាពជួញដូរនៅក្នុងទីនោះ ។ ទណ្ឌិតដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀននោះឈ្មោះ ជឹម រដ្ឋា ហៅកែប ភេទប្រុស បានជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោស(ប្លន់)ដែលបានប្រព្រឹត្ដកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅភូមិថ្មី សង្កាត់ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

តាមចម្លើយសារភាពរបស់ទណ្ឌិតរូបនេះបានឲ្យដឹងថា រូបគេបានធ្វើសកម្មភាពជួញដូរក្នុងពន្ធនាគារបានចំនួន៧លើករួចមកហើយ ដោយពុំមានមន្រ្ដីអនុរក្សណាចាប់ខ្លួននោះឡើយស្រាប់តែដល់លើកទី៨ក៏ត្រូវបានមន្រ្ដីអនុរក្សចាប់ខ្លួនស្រ្ដីជាម្ដាយ ខណៈដែលនាំគ្រឿងញៀនយកមកឲ្យខ្លួន ។

មន្រ្ដីអនុរក្សពន្ធនាគារខេត្ដកណ្ដាលបានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្រ្ដីឈ្មោះសាត បូរ៉ានី (ជនសង្ស័យ)បានមកសូមចូលពន្ធនាគារដើម្បីសាកសួរសុខទុកកូនប្រុសឈ្មោះ ជឹម រដ្ឋា ខណៈនោះ មន្រ្ដីប្រចាំការបានធ្វើការត្រួតពិនិត្យទៅលើខ្លួនប្រាណនិងសម្ភារៈដែលនាំចូលប្រទះឃើញគ្រាប់ស្វាយចំនួន២គ្រាប់ដែលគួឲ្យសង្ស័យក៏ឃាត់ខ្លួនស្រ្ដីរូបនេះក៏សុំកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួតពិនិត្យឃើញថា មានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១០កញ្ចប់នៅក្នុងគ្រាប់ស្វាយចំនួន២គ្រាប់នេះ ។

ចំពោះទណ្ឌិតដែលជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ប្រឈមបន្ថែមទោសពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឡែកស្រ្ដីជាម្ដាយក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងពាក់ព័ន្ធករណីនាំយកគ្រឿងញៀនទៅជួញដូរដោយខុសច្បាប់ក្នុងពន្ធនាគារខេត្ដកណ្ដាល ៕ ស្អាងជ័យ

 

 

img_1515 img_1514 img_1513 img_1512 img_1511 img_1510 img_1509 img_1508 img_1507 img_1506 img_1505 img_1504 img_1503 img_1502 img_1519 img_1518 img_1517 img_1516


ចែករំលែក៖