ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ជំរុញឲ្យក្រុមប្រតិភូ នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម ម៉ាឡេស៊ីផ្ដល់ការអប់រំ វិជ្ជាជីវៈ បច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសហគមន៍ខ្មែរឥស្លាមជនបទឲ្យបានលឿន សម្រាប់ជំហានទី១នេះ ដើម្បីបង្ហាញពីសកម្មភាពជឿជាក់ពីថ្នាក់ដឹកនាំ (មានន័យថាហ៊ានថាគឺហ៊ានធ្វើមិនសន្យាចោល)។ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបានបញ្ជាក់បែបនេះ ខណៈលោកទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូ អ្នកជំនាញបច្ចេកទេសម៉ាឡេស៊ី១២រូប នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីថ្ងៃទី ១៣ កញ្ញា ឆ្នំា២០១៦។
លោក Haji Mohammad Nordin Ismail អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការឥស្លាមម៉ាឡេស៊ី បានបញ្ជាក់ថា៖ នៅក្នុងជាជំហានដំបូង ក្នុងដំណើរការ លើគម្រោងនានាសម្រាប់ឆ្នាំ២០១៦នេះ ក្រុមអ្នកឯកទេស របស់ស្ថាប័នលោក បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលម៉ាឡេស៊ីឲ្យ ចាប់ផ្តើម ចំណាយខ្ទង់ថវិកា ចំនួន៣០ម៉ឺនដុល្លារសិន ដើម្បីបើកវគ្គអប់រំ វិជ្ជាជីវៈ និងបច្ចេកទេស ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដល់សហគមន៍ខ្មែរឥស្លាមនៅជនបទក្នុងជំហ៊ានដំបូងនេះ។ ឆ្លើយតបតាមសំណើររបស់អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា គឺត្រូវបើកវគ្គមុនគេនៅ ខេត្ដកំពង់ចាម និងខេត្ដកំពង់ឆ្នំាង ហើយបន្តរៀងរាល់ឆ្នាំរហូត ដល់បញ្ចប់បេសកកម្ម ដើមឆ្នាំ២០១៩។ ក្នុងពេលនេះ យើងផ្តើមពីវិស័យអប់រំជាមុន ដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និង បឋមសិក្សា ហើយនឹងមានវគ្គអប់រំផ្សេងៗបន្ដទៀត ។ ចំណែកប្រព័ន្ឋផ្សេងៗ ៥ចំនុចទៀត នឹងបន្តតាមកាលវិភាគ ដែលបានដាក់ជូន ហើយកែប្រែតាមស្ថានភាពជាក់ស្តែង។ តាមរយៈសកម្មភាពនេះជាការបង្ហាញ ពីការផ្សាភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែជិតស្និទ្ឋរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរ និង ថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ីដែលបានសម្រេច និងចាប់ផ្តើមដំណើរការគម្រោងកញ្ចប់ថវិការខាងលើដើម្បីជួយបណ្តុះបណ្តាល និងបំពេញសេចក្តីត្រូវការរបស់សហគមន៍ខ្មែរឥស្លាម ។
លោកបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំសាសនិក ឥស្លាមកម្ពុជា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាលេស៊ី នឹងបន្តបេសកកម្មនេះរហូតបានសម្រេច គ្រប់ផ្នែកទាំងអស់ដើម្បីចូលរួមអភិវឌ្ឍន៍លើកកំពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាឥស្លាមនៅកម្ពុជា ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ។
លោកបន្ដថា៖ សម្រាប់៦ចំណុច ដែល ស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិកា ក្រោមការ រាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី យើងខ្ញុំកំពុងរៀបចំមេក្រុមការងារតាមផ្នែកនិមួយៗ ដើម្បីទៅទទួលការបណ្តុះបណ្តាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលា ដែលក្រុមបច្ចេកទេសដាក់ជូន ហាក់បីដូចជាគៀកគ្នា និង រយៈពេលខ្លី យើងខ្ញុំសូមយកពេលនេះចាត់ចែងសមាស ភាពឲ្យសមស្រមតាមជំនាញ និមួយៗ សិន បន្ទាប់មក ក្រុមគណៈដឹកនំាជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា យើងនិងស្នើសុំកំណត់ថេរវេលាទៅតាមផ្នែកនិមួយៗ ដើម្បីត្រៀមអនុវត្ដការងារនេះឲ្យមានប្រសិទ្ធភាព ទៅតាមបណ្ដាខេត្ដផ្សេងៗ បន្ដទៀតនៅពេលក្រោយ ៕ សំរិត