ព័ត៌មានទាន់ហេតុការណ៍៖

សាលាខេត្តបាត់ដំបង និងទីប្រជុំជនមួយចំនួនក្នុងក្រុងបាត់ដំបង រងការជន់លិចដោយទឹកជំនន់ ក្រោយភ្លៀងមួយមេធំធ្លាក់អូសបន្លាយជិត៣ម៉ោង កាលពីម្សិលមិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សាលាខេត្តបាត់ដំបង និងទីប្រជុំជនសំខាន់ៗមួយចំនួនទៀត ក្នុងក្រុងបាត់ដំបង ត្រូវគេមើលឃើញថា បានរងការជន់លិចទឹកភ្លៀង ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ធ្វើឱ្យទឹកស្ទឹងសង្កែ ដែលជាស្ទឹងហូរឆ្លងកាត់ក្រុងបាត់ដំបង ត្រូវគេមើលឃើញថាបានឡើងមួយកំរិតតិចតួច ។

ស្ទឹងសង្កែ ត្រូវគេរាយការណ៍ឱ្យដឹងថាក្នុងរយៈពេលជិត១ខែចុងក្រោយនេះបានឆាប់ឆក់ជីវិតមនុស្សដែលជាកុមារតូចៗនិងស្ត្រីវ័យក្មេងម្នាក់ករណីលោតពីលើស្ពានចូលស្ទឹងសង្កែធ្វើអត្តឃាតសម្លាប់ខ្លួនឯងសរុបចំនួន៥នាក់នោះហើយ។ភ្លៀងធ្លាក់នៅខេត្តបាត់ដំបងត្រូវគេរាយការណ៍ឱ្យដឹងថា បានអូសបន្លាយជិត៣ម៉ោង ចាប់ពីវេលាម៉ោង៥ល្ងាចរហូតដល់ម៉ោងជាង៧ យប់ ភ្លៀងនៅបន្តធ្លាក់ស្រិចៗអូសបន្លាយជិតដល់ម៉ោង១០យប់ថ្ងៃដដែលទើបរាំងភ្លៀងទៅវិញ ។

ក្រៅពីការជន់លិចនៅចំណុចសាលាខេត្តបាត់ដំបង ក្នុងនោះក៏មានផ្លូវសំខាន់ៗក្នុងក្រុងនិងផ្ទះពលរដ្ឋមួយចំនួននៅសង្កាត់ទួលតាឯក ត្រូវគេរាយការណ៍ឱ្យដឹងថា ក៏រងការជន់លិចនោះដែរហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ គេឃើញអាជ្ញាធរក្រុងបាត់ដំបង និងមន្ទីរសាធារណៈការខេត្តបាននាំគ្នាប្រញ៉ាប់ទៅស្តាលូ និងជួសជុលលូឡើងវិញដែលខូចទុកចោលនៅសង្កាត់ទួលតាឯក ដើម្បីជួយអន្តរាគមន៍រំដោះទឹកជំនន់ ចេញឱ្យបានឆាប់រហ័ស ក្រោយពីប្រជាពលរដ្ឋរិះគន់ ។

សូមបញ្ជាក់ថា នៅក្រុងបាត់ដំបង ដែលជាទីក្រុងទួលជ័យលាភី ចំណាត់ថ្នាក់ទីក្រុងស្អាតផ្ទួនជាប់គ្នា២ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា កាលណាមានភ្លៀងធ្លាក់អូសបន្លាយចាប់ពីមួយម៉ោងឡើងទៅគេតែងកត់សំគាល់ឃើញធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើងជាញឹកញាប់ ។ ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងរងការជន់លិច។ បញ្ហានោះគេដាក់ការចោទប្រកាន់ទៅលើអាជ្ញាធរក្រុង និងមន្ទីរសាធារណៈខេត្តបាត់ដំបង កសាងដាក់លូមិនបានគ្រប់គ្រាន់ នៅតាមផ្លូវក្នុងក្រុង ទឹកហូររំដោះចូលស្ទឹងសង្កែមិនទាន់ ជាហេតុធ្វើឱ្យក្រុងបាត់ដំបងឧស្សាហ៍ជន់លិចទឹកភ្លៀង នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ការជន់លិចផ្លូវជាញឹកញាប់នោះហើយត្រូវគេមើលឃើញថា បង្កឱ្យផ្លូវងាយទទួលរងការខូចខាតហើយបើកាលណាផ្លូវខូចខាត ធ្វើឱ្យរដ្ឋជាអ្នកទទួលបន្ទុករងការខាតបង់ត្រូវចំណាយថវិកាកសាងជួសជុលផ្លូវឡើងវិញផងដែរ ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ខាន់ ម៉ាណេ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះថា ការជន់លិចទឹកភ្លៀងនៅក្រុងបាត់ដំបងកាលពីល្ងាចម្សិលមិញ មិនបង្កបញ្ហាធំដុំនោះទេ ទឹកបានស្រកទៅវិញអស់ហើយ។ការជន់លិចផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក ដោយសារតែប្រជាពលរដ្ឋបោះចោលសំរាមបិតជិតមាត់លូ បង្កឱ្យកកស្ទះផ្លូវទឹក មន្រ្តីបានចុះទៅជួយអន្តរាគមន៍ស្តារលូដើម្បីបង្ហូររំដោះទឹកចេញឱ្យបានឆាប់រហ័ស ៕ សំ វិច្ឆិកា

img_2638 img_2637 img_2636 img_2634 img_2639


ចែករំលែក៖