ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីក្មេងប្រុសរូបនេះ បាននាំគ្នាដើរខ្យង ហើយត្រូវធ្លាក់ចូលទៅរណ្តៅដី ដែលជីកបណ្តាលអោយលង់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុស ដែលស្លាប់ដោយសារលង់ទឹកនេះ មានឈ្មោះ សៅ សុផា អាយុ១១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ កុមាររងគ្រោះ ជាមួយនឹងក្មេងៗដូចគ្នាចំនួន៤នាក់ទៀតបាននាំគ្នាដើររើសខ្យង ក្រោយពេលភ្លៀងរលឹមស្រិចៗ ក្នុងពេលដែលកំពុងតែដើររើសខ្យង កុមាររងគ្រោះបានដើរឆ្ងាយពីពួកគេបន្តិច មួយសន្ទុះក្រោយមកក៍ឃើញកុមាររងគ្រោះបានធ្លាក់ចូលទៅក្នុងរណ្តៅស្រះ ដែលគេជីកយកអាចម៍ដី មានជំរៅជ្រៅ ឃើញដូចនេះក្មេងៗទាំងនោះក៍បាននាំគ្នាទៅហៅមនុស្សចាស់មកជួយ ប៉ុន្តែទំរាំមកដល់ ក្មេងប្រុសរងគ្រោះបានលង់ស្លាប់បាត់ទៅហើយ រួចបានស្រង់យកសពក្មេងប្រុសប្រគល់អោយក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា