ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកេស្គាល់ឈ្មោះ ឡោម ញឹប អាយុ៥០ឆ្នាំរស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានពស់ស្រកាចាស់ចឹកបណ្តាលឱ្យដួលប្រកាច់លើភ្លឺស្រែ ខណៈដែលបុរសរងគ្រោះបានកំពុងដើរលើភ្លឺស្រែមើលកូនប្រុសភ្ជួរស្រែ ។
បុរសរងគ្រោះបន្ទាប់មកត្រូវបានកូនប្រុសដែលទៅធ្វើស្រែជាមួយដឹកតាមគោយន្តបញ្ជូនមកសង្រ្គោះជីវិត នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នា២០១៦ នៅចំណុចអាងជើងគ្រោះ ភូមិគោកសំរោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ប្រភពព័ត៌មានពីនគរបាលប៉ុស្ថិ៍ឃុំបន្ទាយឆ្មារប្រាប់ឱ្យដឹងថា ពស់ស្រកាចាសចឹកជនរងគ្រោះនៅពេលនោះក៏ត្រូវបានប្រជាពលរដ្ឋនិងកូនជនរងគ្រោះនាំគ្នាវាយឱ្យងាប់តែម្តង។
ពាក់ព័ន្ធនិងករណីពស់ចឹកនេះដែរ បើតាមប្រភពព័ត៌មានពីគ្រូពេទ្យបង្អែកស្រុកថ្មពួក ប្រាប់ឱ្យដឹងថា នៅដើមខែកញ្ញា មានពលរដ្ឋ២នាក់មកហើយត្រូវបានពស់វែកដំបូកចឹក និងពស់ស្រកាចាស់ចឹក នៅចំណុចកើតហេតុ២កន្លែងផ្សេងគ្នា ក្នុងស្រុកថ្មពួក និងនៅស្រុកស្វាយចេក ប៉ុន្តែមិនបណ្តាលឱ្យជនរងគ្រោះស្លាប់នោះទេ ជនរងគ្រោះត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលាខណៈដែលជនរងគ្រោះបានទៅធ្វើស្រែចំការក្នុងរដូវភ្លៀងធ្លាក់ដែលសំបូរកើតសត្វអាសិរពិស។
ជនរងគ្រោះទាំង២នាក់ក៏ត្រូវបានគេស្គាល់ឈ្មោះ ១,ទុំ ខឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ២, វ៉ុន ស្រីដូច ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក៕សំ វិច្ឆិកា