ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខ្លះសង្ស័យដាក់ខែតាមផ្ទះប្រព័ន្ធអ៊ិនធឺណែត និងត្រូវដងផ្លែជាមួយអ្នកបើកល្បែងស៊ីសង ចាក់ភ្នាល់បាល់ទាត់ជាច្រើនកន្លែងក្នុងក្រុងបាត់ដំបង រីកដូចផ្សិតមិនបង្ក្រាប ជាពិសេសកន្លែងទីតាំង ជុំវិញសណ្ឋាគារហូលីដេរ ក្នុងភូមិព្រែកមហាទេព និងភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពពីអ្នកលក់ និងម្ចាស់ទីតាំងល្បែងបានឲ្យដឹងថា ពួកគេបើកទីតាំងល្បែងភ្នាល់បាល់ទាត់គឺបានបង់ប្រាក់ប្រចាំខែជូនសមត្ថកិច្ចជាច្រើននាក់ ទើបបើកលេងបាន ហើយក៏គ្មានសមត្ថកិច្ចណា ហ៊ានមកបង្ក្រាបទេ ទោះជាសមត្ថកិច្ចមកក៏ពួកគេមិនខ្លាចមិនខ្ចីរត់គេចខ្លួនដែរ ព្រោះបញ្ជីឈ្មោះសមត្ថកិច្ចអ្នកមកយកលុយខែមានអស់ហើយ និងខ្លះទៀតអាងឪពុកជាឧកញ៉ាជិតស្និទ្ធជាមួយលោកស្នងការផង ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការបើកកន្លែងលក់បាល់ទាត់នេះច្រើនកន្លែង បណ្តាលឲ្យមានចោរក្នុងផ្ទះបង្កើនភាពក្រីក្រដល់ប្រជាពលរដ្ឋ ហើយបច្ចុប្បន្នមានចោរលួចម៉ូតូ ចោរឆក់កាបូបជាញឹកញាប់ ហើយចោរគាស់ផ្ទះ ក៏មានច្រើនសន្ធឹកសន្ធាប់់ធ្វើឲ្យមានអសន្តិសុខ ពេលម្ចាស់ផ្ទះទូរស័ព្ទហៅប្រជាការពារ ឬសមត្ថកិច្ចនគរបាលពួកគាត់ថារវល់នេះ រវល់នោះ ។
ប្រជាពលរដ្ឋសំណូមពរដល់លោកស ថេត ស្នងការខេត្តបាត់ដំបង មេត្តាបោសសំអាតទីតាំងល្បែងស៊ីសងភ្នាល់បាល់ទាត់ទាំងនេះឲ្យអស់ និងមានលក្ខណៈប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួល និងរកស៊ីមានបានផង ៕ ស សារ៉េត