ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរទៅបង្កៃសន្ទូចនៅស្រះឈូកមានទឹក ក៏ដើរជាន់កន្ទុយពស់វែក ត្រូវពស់បែរក្បាលចឹកចំខ្នងជើងឆ្វេង ត្រូវបានគេបញ្ជូនចូលពេទ្យខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់ជាកម្មករជួសជុលរថយន្តនៅខាងកើតស្ពានមេម៉ាយ ក្រុងប៉ៃលិន បានដើរចូលក្នុងព្រៃខាងក្រោយរោងរថយន្តពេលយប់បានជាន់ពស់វែក បណ្ដាលឲ្យពស់វែកនោះចឹកចំខ្នងជើងឆ្វេង ធ្វើឲ្យយុវជនម្នាក់នេះ ឈឺចុកមួយជំហៀងខ្លួន ក្រោយមកត្រូវបានមេជាងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ សំណាងល្អហើយ គេថា ពេលពស់វែកនេះ វាចឹករួច គេចមិនផុតពីសេចក្ដីស្លាប់ទេ កុំតែបានមេជាងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទន់ កុំអីស្លាប់មិនខាន ។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ នៅខាងក្រោយរោងជួសជុលរថយន្តស្ថិតនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវជនរងគ្រោះឈ្មោះពិត ពុទ្ធី អាយុ
១៥ឆ្នាំ ជាកម្មករជួសជុលរថយន្ត រស់នៅភូមិបោះស្អម ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមយុវជនរងគ្រោះត្រូវពស់ចឹកបាននិយាយថា នៅពេលមុនកើតហេតុ រូបគេបានអង្គុយជុំគ្នាជាមួយកម្មករនៅក្នុងរោង បន្ទាប់មកក៏នឹកឃើញសន្ទូចដែលបានបង្កៃនៅក្នុងស្រះឈូក រួចក្រោកដើរទៅមើល មិនទន់ដល់ស្រះទឹកផង ស្រាប់តែធ្វើដំណើរ ក៏ជាន់ពីលើកន្ទុយពស់មួយក្បាល ចឹកចំលើខ្នងជើងឆ្វេងជាប់ លុះពេលភ្លាមៗបញ្ចាំងភ្លើងពិលមើលឃើញ ដឹងថា ជាពស់វែកប៉ុនមេជើងក៏យកដំបងប្រុងវាយ ស្រាប់តែ ពស់នោះលូនចូលព្រៃក្រាស់បាត់ស្រមោល បន្ទាប់មក
ស្រែកហៅកម្មករដូចគ្នានៅក្នុងរោងជួសជុលរថយន្តឲ្យជួយយកខ្សែរុំផ្នែកខាងលើមុខរបួស ដើម្បីឃាត់កុំឲ្យពិសជ្រាបចូលដល់បេះដូង ក្រោយមកមេជាង និងកម្មករ រត់ទៅលើកយុវជននោះដាក់លើរថយន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

បច្ចុប្បន្ន យុវជនដែលពស់ចឹកកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចផុតពីសេចក្ដីស្លាប់ ។

តាមគ្រូពេទ្យបានឲ្យដឹងថា ពស់វែកនេះជាសត្វពស់មានពិសសាហាវណាស់ ពេលវាចឹក ពិសវាជ្រាបចូលបេះដូង ហើយគេចមិនផុតពីសេចក្ដីស្លាប់ តែយុវជនម្នាក់នេះ សំណាងល្អបានបញ្ជូនមកមន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យចាក់ថ្នាំបន្សាបពិស រួចផុតពីគ្រោះថ្នាក់ ៕ ស សារ៉េត

img-20160913-wa0082 img-20160913-wa0081 img-20160913-wa0080 img-20160913-wa0079

 

 

 


ចែករំលែក៖