ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងទាំងយប់អធ្រាត្រ ដោយលទ្ធផល ឃាត់ខ្លួនអ្នកញៀនល្បែង មានទាំងប្រុស មានទាំងស្រី សរុប៩នាក់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង និងដឹកនាំដោយអភិបាលរងខណ្ឌសែនសុខម្នាក់ បានចុះបង្ក្រាបទីតាំងប្រព្រឹត្តល្បែងស៊ីសង អាប៉ោង និងបៀ ស្ថិតនៅក្នុងដីឡូត៍១កន្លែង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយជាលទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះមានស្រី៥នាក់ផងដែរ ។
ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកចានសម្រាប់បាញ់អាប៉ោង និងបៀជាច្រើនហ៊ូ ដកហូតលុយបាន ២០ដុល្លារ និង៨០.០០០រៀល ក្នុងវង់ល្បែង ។
វត្ថុតាង និងអ្នកញៀនល្បែងទាំងនេះ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ។
គួរបញ្ជាក់ល្បែងស៊ីសងបាននិងកំពុងកើតមានយ៉ាងពេញបន្ទុក មិនថាតែនៅក្នុងខណ្ឌសែនសុខ ឬនៅតាមបណ្តាខណ្ឌដទៃផ្សេងទៀតនោះទេ ហើយអាជ្ញាធរតែងចុះបង្ក្រាបញឹកញាប់ ប៉ុន្តែហាក់ដូចគ្មានប្រសិទ្ធភាពសោះ ៕