ខេត្តកណ្តាល៖ បុរសជាឪពុកក្មេកម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីកូនប្រសារបានដាក់ពាក្យប្តឹងសមត្ថកិច្ចថា បានប្រើល្បិចកុហកថា ប្រពន្ធរបស់ខ្លួនមានប្រុសថ្មី ឲ្យជិះម៉ូតូទៅចាំឃ្លាំមើល ប៉ុន្តែបុរសជាឪពុកក្មេកបែរជាលួចយកម៉ូតូទៅដាក់បញ្ចាំបានប្រាក់ចាយអស់ មុនពេលដែលសមត្ថកិច្ចឃាត់ខ្លួន ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង
១៩និង០០នាទី នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ ដែលឃាត់ខ្លួន ឈ្មោះ ភុំ ភន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាពុកក្មេក រីឯជនរងគ្រោះត្រូវជាកូនប្រសារ ឈ្មោះសឿ ជីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ប្រភពខាងលើបញ្ជាក់ថា នៅថ្ងែកើតហេតុខាងលើ ឈ្មោះ ភុំ ភន (ជនសង្ស័យ) បានប្រើឧបាយកល ដោយបបួលឈ្មោះ សឿ ជីម (ដែលជាកូនប្រសារ) ដោយប្រាប់ថា ប្រពន្ធរបស់ខ្លួន (សឿ ជីម) មានណាត់ប្រុសនៅចំណុចទួលតាជាឃ្លាតឆ្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ។ បន្ទាប់មកឈ្មោះ សឿ ជីម បានជិះម៉ូតូទៅទុកកន្លែងកើតហេតុខាងលើ រួចក៏ដើរសំដៅតាមទៅលបលួចមើលប្រពន្ធ ប៉ុន្តែមិនបានឃើញប្រពន្ធនៅជាប្រុសណាទេរួចហើយខ្លួនត្រឡប់ទៅកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង ។
លុះដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ឈ្មោះ សឿ ជីម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីជួយអន្តរាគមន៍ ។
ប្រភពបានបន្តថា ពេលទទួលបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាសង្ស័យខាងលើរួចឃាត់ខ្លួនមកធ្វើការសាកសួរនាំ ។ សមត្ថកិច្ចបានចាប់យកវត្ថុតាងម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ2007 គ្មានស្លាកលេខផងដែរ ។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភុំ ភន បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើយកទៅបញ្ចាំឲ្យគេមិនស្គាល់ឈ្មោះ នៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ បានប្រាក់ចំនួន ៦០០.០០០រៀល ហើយប្រាក់ទាំងនេះ ខ្លួនបានយកទៅចាយអស់ ។
ក្រោយពេលសាកសួរចម្លើយរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕