ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋខ្មែរ១១នាក់ ប្រកបមុខរបរលក់កណ្តូបបំពង និងម្ជូរដែលទូលមួយថាសៗ ត្រូវបានសមត្ថកិច្ចថៃដោះលែងមកវិញហើយ កាលពីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពីបានផាកពិន័យក្នុងម្នាក់ៗ២ពាន់បាត។
តាមប្រភពពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាឲ្យដឹងថា ការដែលប្រជាពលរដ្ឋខ្មែរ១១នាក់ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរថៃចាប់ខ្លួនដោយចោទប្រកាន់ថា បានចូលទៅលក់ដូរកណ្តូបចៀន និងម្ជូរនៅផ្សាររុងខ្លឿ ប្រទេសថៃ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកធ្វើទេសចរណ៍នៅក្នុងប្រទេសថៃ។ ពលរដ្ឋខ្មែរទាំង១១នាក់នេះ ត្រូវបានដោះលែងបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីស្ថាប័នចំនួន៣គឺ នគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយ ប៉ែត និងនគរបាលអន្តោរប្រវេសន៍ ព្រមទាំងមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ។
មន្រ្តីទំនាក់ទំនងកម្ពុជាថៃបានឲ្យដឹងថា ការដែលសមត្ថកិច្ចថៃដោះលែង ស្ត្រីជនជាតិខ្មែរ១១នាក់ ដែលប្រកបរបរលក់កណ្តូបចៀនខាងលើនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃផាកពិន័យក្នុងម្នាក់ៗ ២ពាន់បាត សរុបទាំងអស់១២០០០បាត តែថវិការនេះជាកញ្ចប់ថវិការបស់មន្ត្រីអន្តោរប្រវេសថៃជាអ្នកចេញ ថ្នូរនឹងការដោះលែងពលរដ្ឋខ្មែរខាងលើនេះ។
គួររំលឹកកាលពីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរ ដែលប្រកបរបរចិញ្ចឹមជីវិតដោយលក់កណ្តូបចៀន និងម្ជូរខាងលើនេះបាននាំគ្នាចូលទៅលក់ដូរ នៅក្នុងទឹកដីថៃម្តុំផ្សាររុងខ្លឿប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចប្រទេសថៃស្ត្រីប្រកបរបរកំពេចកំប៉ុកនេះ ចំនួន៦នាក់ តែត្រូវបានដោះលែងមកវិញ បន្ទាប់ពីស្ត្រីអ្នកប្រកបរបរនេះ បង់ផាកពិន័យម្នាក់រាប់ពាន់បាត។ លុះមកដល់រសៀល ថ្ងៃដដែលសមត្ថកិច្ចថៃបន្តចាប់ខ្លួន ស្ត្រីប្រកបមុខរបរលក់កណ្តូបចៀនចំនួន១១នាក់ទៀតនាំឲ្យមានការប្តមូលផ្តុំតវ៉ាបិតផ្លូវ ពីប្រជាពលរដ្ឋខ្មែរ ដែលលក់កណ្តូបចៀននេះ នៅច្ហរកទ្វារអន្តរជាតិប៉ោយប៉ែតទាមទារឲ្យមានកិច្ចអន្តរាគមន៍ពីអជ្ញាធរកម្ពុជា ទើបមានការដោះលែងស្ត្រីទាំង១១នាក់ នៅល្ងាចថ្ងៃដដែលនោះ ថ្នូរនឹងការផាកពិន័យ២ពាន់បាត។
គួរបញ្ជាក់ដែរថា នៅថ្ងៃតវ៉ាបិតផ្លូវនោះ ក្រុមប្រជាពលរដ្ឋខ្មែរដែលមានប្រមាណ៣០នាក់ ក៏បានទទូចផង ដែរឲ្យអាជ្ញាធរកម្ពុជាមានកិច្ចអន្តរាគមន៍ឲ្យពួកគាត់បានទោលក់ដូរនៅក្នុងផ្សាររុងខ្លឿប្រទេសថៃ ព្រោះការលក់ដូតនៅក្រុងប៉ោយប៉ែតមិនសូវជាកាក់កប និងចំណេញច្រើន។
អ្នកតវ៉ាម្នាក់ក្នុងចំណោមនោះបានលើកឡើងថា កណ្តូបចៀន ឬម្ជូរបើលក់អស់មួយថាស អាចចំណេញពី២០០បាត-៣០០បាតប៉ុណ្ណោះ ហើយការដែលអាជ្ញាធរមានសមត្ថកិច្ចថៃមិនចង់ឲ្យ ពួកគាត់ទៅលក់នៅទីនោះ ទី១គឺ ប៉ះពាល់ដល់ជនជាតិថៃ ដែលប្រកបរបរដូចគ្នានេះ តែតាមការពិត នោះគ្រាន់តែជាលេសចង់ហូតភាស៊ីតែប៉ុណ្ណោះ៕ វណ្ណា