ខេត្តពោធិ៍សាត់៖ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចអះអាងថា រកឃើញអត្តសញ្ញាណព្រូរថយន្តម្នាក់ ដែលបានរងរបួសធ្ងន់មិនទាន់ឃើញនៅឡើយទេ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំចំនួន៣គ្រឿងបុកតកន្ទុយគ្នានោះ ។
ហេតុការណ៍គ្រោះថ្នាក់រថយន្តធុនធំ បុកតកន្ទុយគ្នាបណ្ដាលឲ្យព្រួម្នាក់រងរបួសធ្ងន់រកអត្តសញ្ញាណមិនទាន់ឃើញខាងលើ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៩- ១៦០ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលស្រុកក្រគរប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តបង្កម៉ាក ហ្វ៊ុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 4A-0658 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យព្រូម្នាក់របួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3 D 6084 (បណ្ដាលឲ្យក្រឡាប់ផ្ងាជើងចូលស្នាមភ្លោះ) បើកបរដោយឈ្មោះ រិន ថា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអង្គរឃុន ឃុំសំរោងលើ ស្រុកអង្កស្នួល ខេត្តកណ្ដាល។ រួចបន្តទៅបុក រថយន្ត១គ្រឿងទៀត ម៉ាក ហ្វ៊ុយហ្សូ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1613 បើកបរដោយឈ្មោះ ឌន រៀន ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិស្រទៀ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចខាងលើបន្តទៀតថា វត្ថុតាងរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន