ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣ និងថ្នាំញៀនចំនួន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញមានថ្នាំញៀននៅជាប់ខ្លួន ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួននោះ គឺទី១មានឈ្មោះ សុ ផាន់រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ទី២មាន ឈ្មោះ កេត មករា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិតាងួត សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី៣មានឈ្មោះ វិន វី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង ។

ប្រពភពីសមត្ថកិច្ចបានអោយដឹងថា មុននឹងឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ខាងលើគឺ កម្លាំងអន្តរាគមន៍បានល្បាតនៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិសង្កាត់ខាងលើក៍ប្រទះឃើញជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាក ឃ្លីក ពណ៍ទឹកបុិច គ្នានស្លាកលេខ គួរអោយសង្ស័យ ក៏ឃាត់ និងឆែកឆេរបានរកឃើញមានថ្នាំញៀននៅជាប់ខ្លួន ឈ្មោះ កេត មករា ចំនួន១កញ្ចប់ និងឈ្មោះ វិន វី ចំនួន១កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពួកគេទាំង៣នាក់ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនប្រកដមែន ដែលរូបគេបានទិញមកពីម្តុំមុខមន្ទីរពេទ្យលោកសង្ឃដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនិតិវិធី ៕ តុង សីហា

 

1 2


ចែករំលែក៖