ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាបនៅភូមិដើមគរ ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមទឹកមកទើរក្បែរផ្ទះពួកគាត់ ដែលរស់នៅតាមដងទន្លេ ត្រូវបានពួកគេយកខ្សែចងរួចទាញឡើងលើគោក និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងកាលពីម៉ោងជិតល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត ក្នុងនៅភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សពបុរសដែលអណ្តែតទឹកនេះមានឈ្មោះ ម៉ុត ហុត អាយុ២១ឆ្នាំ មុខរបរកម្មករលាងរថយន្ត មានស្រុកកំណើត ភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បើតាមសម្តីរបស់ក្រុមគ្រួសារសពបានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានសុំអ្នកផ្ទះមកភ្នំពេញដើម្បីរកការងារធ្វើ ។

ក្រោយពេលដែលជនរងគ្រោះមកដល់ភ្នំពេញ ពួកគាត់(គ្រួសារជនរងគ្រោះ) តែងតែទូរស័ព្ទមកសួរសុខទុក្ខ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ទូរស័ព្ទជនរងគ្រោះមិនអាចទាក់ទងបាន ធ្វើឲ្យក្រុមគ្រួសារមានការបារម្ភ មិនដឹងជាមានរឿងអ្វីកើតឡើង ។ ស្រាប់តែនៅល្ងាចថ្ងៃកើតហេតុ មានគេទាក់ទងមកប្រាប់ថា កូនគាត់បានស្លាប់ហើយ សាកសពគេបានប្រទះឃើញអណ្តែតទឹកនៅតាមដងទន្លេនៅភ្នំពេញ ។

ក្រោយពេលទទួលបានដំណឹងភ្លាម ក្រុមគ្រួសារនិងសាច់ញាតិបានចេញដំណើរមកភ្នំពេញដើម្បីពិនិត្យមើលឲ្យកាន់តែច្បាស់ ។ ពេលមកដល់ទើបដឹងថា ពិតជាឈ្មោះ ម៉ុត ហុត មែន តែហេតុអ្វីបានជាស្លាប់អណ្តែតទឹកទៅវិញ បើសពមិនដែលមានរឿងរកាំរកូសជាមួយគ្រួសារផងហ្នឹង ។ ដោយមិនអស់ចិត្ត ក្រុមគ្រួសារសពបានសុំឲ្យសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ ថាតើសពស្លាប់ដោយគេវាយសម្លាប់ ឬយ៉ាងណា ។

សមត្ថកិច្ចនគរបានជំនាញបានធ្វើកោសល្យវិច្ច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះមិនមានស្លាកស្នាមអ្នកណាវាយសម្លាប់ទេ គឺស្លាប់ដោយលោតទឹក ។

ក្រោយពេលពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សពឲ្យទៅគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង៨យប់ មានគេរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថា មានករណីលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែពេលសមត្ថកិច្ចមកដល់ជនរងគ្រោះបានលោតបាត់ទៅហើយ មិនដឹងថា ករណីនេះអាចជារឿងតែមួយឬយ៉ាងណា ៕ជ្រោយពេជ្រ

image1


ចែករំលែក៖