ភ្នំពេញ ៖ ផ្ទៀងផ្ទាត់ព័ត៌មានជាមុន មុននឹងជឿនិងផ្សព្វផ្សាយបន្ត ដើម្បីជៀសវាងព័ត៌មានក្លែងក្លាយ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពង្រឹងលើវិស័យព័ត៌មាននៅកម្ពុជា ពិសេសការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គឺដើម្បីផ្តល់សុវត្ថិភាព និងសិទ្ធិទទួលបានព័ត៌មានពិតសម្រាប់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ៖ ដើម្បីកំណត់ថាព័ត៌មានពិត ឬក្លែងក្លាយ សំខាន់ផ្តោតលើប្រភពព័ត៌មានច្បាស់លាស់ ព័ត៌មាននោះត្រឹមត្រូវនិងសមហេតុផលឬទេ ហើយអង្គភាពដែលផ្សព្វផ្សាយព័ត៌មាននោះមានវិជ្ជាជីវៈឬទេ ឬគ្រាន់តែជាគណនីហ្វេសប៊ុក ឬតិកតុកមួយដែលត្រូវបានបង្កើតឡើងគ្មានអត្តសញ្ញាណពិតប្រាកដ និងផ្សព្វផ្សាយតែព័ត៌មានមិនពិត ព័ត៌មានដែលបង្កបដោយទស្សនៈអវិជ្ជមានជ្រុលនិយមខ្លាំង? ទាំងនេះជាការកត់សម្គាល់ជំហានដំបូងចំពោះព័ត៌មានក្លែងក្លាយ។ យើងរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ! ។
កន្លងទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព និងព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់ ហើយការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព ជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាព សម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើង»។
ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅចំពោះមុខក្រសួងព័ត៌មាន បានរៀបចំនូវយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺដើម្បីផ្តល់នូវសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងទទួលបានព័ត៌មានពិត ត្រឹមត្រូវ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ជនណា បុគ្គលណាដែលបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ សិលា