សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមថាអាល្លឺម៉ង់នឹងចាត់វិធានការប្រឆាំងអ៉ីស្រាអែល ហើយនិយាយទៀតថា ទីក្រុងបែរឡាំងនឹងមិននាំចេញអាវុធដែលអាចប្រើដើម្បីបំពានច្បាប់មនុស្សធម៌នោហឡើយ។
លោក Wadephul បានព្រមានទៀតថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់សម្រាប់អ៉ីស្រាអែល មិនតម្រូវឱ្យមានសម្ភារយោធាឡើយ ពីព្រោះការវាយប្រហារតាមផ្លូវអាកាស និងកត្តាខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ធ្វើឱ្យស្ថានការណ៍នៅហ្កាហ្សា ទ្រាំទ្រលែងបាន។ ការប្តេជ្ញាចិត្តចំពោះសិទ្ធិ និងសន្តិសុខរបស់អ៉ីស្រាអែល មិនគួរត្រូវបានប្រើជាហេតុផលសម្រាប់សង្រ្គាម ដែលកំពុងធ្វើនៅហ្កាហ្សានោះទេ។ ដោយមិនផ្តល់ព័ត៌មានលម្អិត លោក Wadephul គូសបញ្ជាក់ថា «ឥឡូវនេះយើងស្ថិតនៅចំណុចមួយ ដែលត្រូវគិតយ៉ាងហ្មត់ចត់ អំពីអ្វីដែលត្រូវចាត់វិធានការបន្ថែម»។
ថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានរិះគន់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើតំបន់ហ្កាហ្សាផងដែរ ដោយនិយាយថា វាលែងសមហេតុផលទៀតហើយ ក្នុងការបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស់៕ ដោយ៖ ធីរីណា
រូបថត៖ plo.vn