ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៧ខែ សង្ស័យពុលទឹកដោះគោសញ្ញាគោក្រហម

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ក្មេងស្រីអាយុ១៧ខែម្នាក់ មិនដឹងមានវាសនាយ៉ាងណាទេ ខណៈដែលឪពុកម្តាយបី ទាំងយំត្រហេបត្រហប ក្នុងអាការៈកូនស្រីក្អួតចង្អោរទន់ដៃទន់ជើង នៅក្រោយពីម្តាយឲ្យផឹកទឹកគោ រូបសញ្ញាគោក្រហម។ ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នៅពេលមានអាការៈដូចនេះម្តាយនិងឪពុកបាន បីក្មេងស្រីរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសារអាការៈក្មេងស្រីធ្ងន់ធ្ងរក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យប៉ៃលិនបានប្រាប់ឲ្យបញ្ជូនក្មេងស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ព្រោះនៅទីនោះ មានឧបករណ៍បច្ចេកទេស និងគ្រូពេទ្យជំនាញ។

បើតាមម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ភឿន ស្រីណា អាយុ២៣ឆ្នាំ បានឲ្យដឹងថា ក្មេងស្សីរងគ្រោះ ឈ្មោះ ផាន់ ចិន្តា អាយុ១៧ខែ រស់នៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងដែរថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ រូបគាត់និងប្តីបាននាំគ្នា ទៅលេងផ្ទះម្តាយបង្កើត នៅក្រុង-ខេត្តកំពង់ចាម ហើយបានទិញទឹកដោះគោរបស់ថៃយីហោ អូមិច កំប៉ុងធំ ចំនួន៥កំប៉ុង ដើម្បីទុកបម្រុងឲ្យកូនផឹកតាមផ្លូវ និងទុកសម្រាប់ផឹកនៅស្រុកកំណើត និងពេលត្រឡប់មក ខេត្តប៉ៃលិនវិញ។ ក៏ប៉ុន្តែនៅពេលត្រឡប់មកដល់ខេត្តប៉ៃលិនស្រាប់តែអស់ទឹកដោះគោអូមិច ក៏ប្រើប្តីឲ្យទិញ ទឹកដោះគោរូបសញ្ញាគោក្រហម ស្រាប់តែបានមួយថ្ងៃមួយយប់កូនស្រីរបស់គាត់មានអាការៈមិនស្រួល ក្អួតចង្អោរមិនឈប់ ឡើងស្លេកស្លាំង និងទន់ដៃទន់ជើងតែម្តង។ នៅពេលដែលបានឃើញកូនស្រីមានអាការៈបែបនេះ រូបគាត់និងប្តីព្រមទាំងបងប្អូនមិនទាន់គិតថា កូនពុលទឹកដោះគោរូបសញ្ញាគោក្រហមនេះទេ បាននាំកូនស្រីទៅរកគ្រូមើល ខ្លាចខុសខាងជីដូនជីតា ហើយបានអុចធូបអស់ច្រើនបាច់កូននៅតែមិនធូរស្រាល ទើបចាប់អារម្មណ៍ថា កូនសរបស់កាត់ប្រហេលជា ពុលទឹកដោះគោរូបសញ្ញាគោក្រហម ទើបនាំគ្នាដឹកកូនមកពេទ្យ។

លោកមេភូមិអូរឈើក្រំក៏បានបន្ទោសផងដែរដល់អាណាព្យាបាលក្មេងស្រីរងគ្រោះថា កូនស្រីពុលដល់ថ្នាក់ចង់ស្លាប់ទៅហើយ បែជាទៅរកគ្រូគ្រាទៅវិញ ទើបអាណាព្យាបាលរូតរះ ដឹកកូន មកពេទ្យ៕ ស សារ៉េត

 

aes


ចែករំលែក៖