ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក ខណៈដល់ផ្លូវកោងជាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកទៅបុកនឹងបង្គោលថ្ម បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង ៣៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុង ភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH.5659 ដោយជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោងហើយភ្លៀងផងនោះ ធ្វើអោយផ្លូវរអិលចាប់ហ្វ្រាំមិនជាប់ ក៏ជ្រុលធ្លាក់ប្រឡាយទឹកហើយបុកបង្គោលថ្មបណ្ដាលអោយបាក់ ក ស្លាប់តែម្ដង ។ ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានជិះល្បាតមកដល់បានលើកចេញពីទឹកជួយធ្វើចលនាសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ជនរងគ្រោះមានឈ្មោះ នី រតន៍ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាងជួសជុលរថយន្តស្នាក់នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញនិងមានស្រុកកំណើតឃុំព្រែកពោធិ៍ ខេត្តកំពង់ចាម រួមទាំងមានប្រពន្ឋ ឈ្មោះ ឡូយ ម៉ាប់ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ហើយមានផ្ទៃពោះ៥ខែស្នាក់នៅជាមួយគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកយកទៅដំកល់នៅវត្តឫស្សីសាញ់ កំពុងធ្វើកោសល្យវិច័យ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ ៕ ជីម ភារ៉ា ដង្កោ