ខេត្តកំពង់ស្ពឺះ គ្រឿងចក្រ១គ្រឿង ប្រភេទត្រាក់ទ័រ ត្រូវបានអាជ្ញាធរស្រុកឱរ៉ាល់ឃាត់ ខណៈដែលមកឈូសឆាយដីសម្បទានសង្គមកិច្ច ដែលក្រុមឈ្មួញបានលួចដាក់គ្រឿងចក្រមកឈូសឆាយ ដែលរដ្ឋទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ។
ការចុះឃាត់គ្រឿងចក្ររបស់ក្រុមឈ្មួញឈូសឆាយរំលោភយកដីសម្បទានសង្គមកិច្ចបានកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការចុះឃាត់គ្រឿងចក្រខាងលើនេះ ក្រោមការដឹកនាំផ្ទាល់ពីលោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់ និងតាមបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក ។
លោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បាននិយាយអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមជនខិលខូចបានយកគ្រឿងចក្រទៅឈូសឆាយរំលោភយកសម្បទានសង្គមកិច្ច ដែលទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្ររួចមក លោក ក៏បានដឹកនាំកំលាំងចម្រុះដែលក្រោមការបញ្ជាពីគណបញ្ជាការអែកភាពស្រុកនោះក្រុមការងារស្រុកបានរឹបអូសត្រាក់ទ័រម៉ាក(ហ្វតព៍ណខៀវ)មួយគ្រឿងដែលម្ចាស់បានទុកចោលរត់គេចខ្លួនបាត់ ។
លោកបន្តថា ក្រុមជនខិលខូចលួចយកគ្រឿងចក្រមកឈូសឆាយដីរបស់រដ្ឋ(ដីសង្គមកិច្ច)នេះ គឺរដ្ឋទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ។ ក្រោយពីចុះឃាត់ដកហូតបានគ្រឿងចក្រត្រាក់ទ័ររួចមក យកមករក្សាទុកបណ្តោះអាសន្ន នៅអធិការរដ្ឋាននគបាលស្រុកឱរ៉ាល់ ដើម្បីប្រគល់អោយជំនាញចាត់ការតាមនិតិវិធីបន្តស្រាវជ្រាវស្វែករកម្ចាស់គ្រឿងចក្រនោះដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ សេនា សក្តិ