ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម ស អ ក អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពី គណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រជុំត្រួតពិនិត្យការងារ៩ខែ និងដាក់ចេញទិសដៅអនុវត្តន៍បន្តរួចមក នាព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម ស អ ក បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ចំនួន៣២០នាក់ ។

លោកនាយឧត្តមសេនីយ៍គន់ គីម បានមានប្រសាសន៍ទៅកាន់បងប្អូន ដោយបានលើកពីសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិនាពេលថ្មីៗនេះ និងបានបញ្ជាក់ជូនបងប្អូនពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់គណបក្យសង្គ្រោះជាតិ ដើម្បីការពារបុគ្គល កឹម សុខា ដែលនឹងធ្វើអោយប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ហេតុនេះបងប្អូនត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងកុំលង់ការញុះញង់របស់បក្សប្រឆាំង ។

ជាមួយនោះ លោកនាយឧត្តមសេនីយ៍គន់ គីម ក៏បានសុំអោយថ្នាក់ដឹកនាំ ស អ ក គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់មើលថែបងប្អូនអោយបានដិតដល់ ព្រោះពួកគាត់គឺជាវីរៈជនដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព និង ការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រទេសជាតិ ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍បាននាំយកអំណោយរបស់ សម្តេចតេជោ ប្រធានសមាគម ជូនចំពោះបងប្អូនក្នុងម្នាក់ៗ មី១កេស ត្រីខកំប៉ុង១យួរ អង្ករ២៥គីឡូក្រាម ថវិកា៤ម៉ឺនរៀល ។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ក៏បានអញ្ជើញចុះទៅពិនិត្យការសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ជូនចំពោះគ្រួសារ អតីតយុទ្ធជន លោក សែម ធី ដែលជាជនពិការ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕ ហេង សូរិយា

khkun-3 khkun-2 khkun-1 khkun khkun-4

 


ចែករំលែក៖