ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបញ្ញាជាតិ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើដំណើរលើផ្លូវដ៏សែនឆ្ងាយប្រមាណជាង ១២៥០គម ទៅកាន់ខេត្តមណ្ធលគិរី និងរតនគិរី កាលពីអាទិត្យកន្លងទៅដើម្បីជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗសិស្សានុសិស្ស ដើម្បីដោះបញ្ហាសំខាន់ៗចាំបាច់មួយចំនួនរួចមក នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញា បត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបទាំងអស់ចំនួន ១៣៦២នាក់ ។
នៅព្រឹកមិញនេះ សម្តេចតេជោ បានមានប្រសាសន៍ផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា

១-សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូ និងការប្រឹងប្រែងរបស់សិស្សានុសិស្សទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិនិទ្ទេស (A) ឆ្នាំ នេះចំនួន ៤០៥ នាក់ ដែលកាលពីកំណែទម្រង់ដំបូងគឺមាន តែ១២នាក់ប៉ុណ្ណោះ។ ហើយនៅឆ្នាំ ២០១៥ គឺបានជាប់ ១០០ នាក់។ ឆ្នាំនេះមានក្មួយៗប្រមាណ៥០,០០០ នាក់បានប្រឡងជាប់ សញ្ញាបត្រទុតិយភូមិដែលជាចំនួនដ៏ច្រើន ក្រោយពីកំណែទម្រង់ត្រូវបានដាក់ចេញ។ សម្តេចតេជោគ្រោងនឹងជួបជាមួយក្មួយៗនិទ្ទេស (A) ទាំងអស់ចំនួន ៤០៥ នាក់ នៅថ្ងៃទី ២១ ខែកញ្ញា នៅវិមានសន្តិភាពខាងមុខនេះ។

២-ក្រសួងអប់រំនឹងពិចារណាឡើងវិញក្នុងការបន្តផ្តល់អាទិភាពអោយសិស្សដែលជាប់និទ្ទេស (A), (B), ដើម្បីបានក្លាយជាគ្រូបង្រៀនដោយស្វ័យប្រវត្តិ ឬក៏ត្រូវប្រឡងជាមួយសិស្សនិទ្ទេស (C),(D),(E)។ ប្រសិនបើមានការប្រឡងឡើងវិញមែន គឺក្មួយៗមិនត្រូវខ្លាចឡើយ ជាពិសេសចំពោះនិទ្ទេស (A)។ នៅពេលនេះប្រព័ន្ឋអប់រំនៅទីក្រុងនិងជនបទគឺមានស្តង់ដា (Standard) ដូចគ្នា ហើយថ្មីៗនេះទៀតសោតគឺមានសាលានៅជនបទឈ្មោះវិទ្យាល័យត្រពាំងក្រហម នៅស្រុកកូនមុំ ខេត្តរនគិរីគឺមានសិស្សបានប្រឡងជាប់ ១០០% ផងដែរ។

៣-សម្តេចតេជោ បានកត់សម្គាល់ឃើញថា មុខងារគ្រូបង្រៀនសព្វថ្ងៃគឺកំពុងមានការទាក់ទាញយ៉ាងខ្លាំង ដោយសារប្រាក់ខែកាន់តែច្រើន បូកនឹងប្រាក់តំបន់ និងប្រាក់បន្ថែមម៉ោងច្រើនថែមទៀត។

៣-សម្តេចតេជោ បានអំពាវនាវអោយប្រជាកសិករយោគយល់ចំពោះស្ថានភាពតម្លៃស្រូវដែលបានធ្លាក់ចុះមិនថាតែនៅកម្ពុជាទេ ព្រោះនេះគឺបញ្ហាវិបត្តិសេដ្ឋកិច្ចសាកលហើយក៏មិនត្រឹមតែផលិតផលស្រូវទេ គឺរួមទាំង កៅស៊ូ និងប្រេងជាដើម។ ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះដែលជាកង្វល់របស់ប្រជាកសិករយើង គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រៀមថវិកា ២០លានដុល្លារ បូកនឹងថវិកាធនាគារអភិវឌ្ឍន៍ជនបទ៧លានដុល្លារទៀត ដើម្បីជួយទ្រទ្រង់តម្លៃស្រូវឡើងវិញ។ ទន្ទឹមនឹងនោះ សម្តេចតេជោសូមអោយអាជ្ញាធរទប់ស្កាត់កុំអោយឈ្មួញខិលខូចបង្អាប់ទម្លាក់តម្លៃស្រូវកសិករ។ “បញ្ហាតម្លៃស្រូវ” គឺជាដំណោះស្រាយអាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវអោយវិស័យឯកជនចូលរួមបង្កើនការវិនិយោគលើការកែឆ្នៃស្រូវអោយទៅជាអង្ករ ដែលយើងចំណេញទាំងកញ្ចុងអង្ករ អង្កាម និងកន្ទក់ជាដើម។ មន្រ្តីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងពិគ្រោះពិភាក្សាជាមួយភាគីមិត្តចិនលើ តម្រូវការថវិកា ៣០០ លានដុល្លារដើម្បីសាងសង់ឡសម្ងួត រោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវជាដើម។

៤-សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាសព្វថ្ងៃគឺមានសុខសន្តិភាព ដែលប្រជាពលរដ្ឋកំពុងរស់នៅសុខសាន្ត និងកំពុងប្រកបរបរទទួលទានគ្រប់ទីកន្លែង រួមទាំងនិស្សិតដែលកំពុងមកទទួលសញ្ញាបត្រផ្ទាល់នៅទីនេះ និងសិស្សដែលបានប្រឡងបាក់ឌុបជាប់ថ្មីៗកំពុងត្រៀមចូលរៀនជាបន្តទៀត។ សូមកុំបំភ្លៃបរិយាកាសនយោបាយកម្ពុជា ហើយក៏សូមកុំលូកដៃកកូរកកាយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

៥-សម្តេចតេជោ បានរំលឹកផងដែរថា សម័យនេះគឺសម័យបច្ចេកវិទ្យា និងអេឡិកត្រូនិក (Information Technology IT & Electronic) ប៉ុន្តែបើមនុស្សមិនអេឡិកត្រូនិកទេ គឺមិនជោគជ័យឡើយ។ កម្ពុជាត្រូវតែតាមទាន់បច្ចេកវិទ្យា ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ភាគច្រើនស្ទើរគ្រប់ទីកន្លែងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស គឺបងប្អូនប្រជាពលរដ្ឋតែងសង្កេតឃើញ សម្តេចតេជោ កាន់ទូរស័ព្វជាប់ដៃ (៦គ្រឿង)។ទូរស័ព្វទាំងនេះគឺជាបណ្តុំទុកដាក់នូវឯកសារព័ត៍មានដើម្បីដោះស្រាយបញ្ហាសង្គមជាតិបានឆាប់រហ័សហើយមានប្រសិទ្ឋិភាពទាន់សភាពការណ៍ទៀតផង។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់ Facebook សព្វថ្ងៃ ដែលប្រើប្រាស់បាន ត្រឹមត្រូវគឺបានផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋនិង ប្រទេសជាតិ។
៦-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរអំពី ពិធីបុណ្យអុំទូកឆ្នាំនេះ គឺត្រូវតែប្រារព្ធធ្វើឡើង ទោះបីកម្រិតទឹកទាបក៏ដោយ។

ទោះបីហត់នឿយយ៉ាងណាក្តីក៏ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនបានភ្លេចទេ
ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗយុវនិស្សិតយើង ហើយសម្តេចតេជោ តែងតែឆ្លៀតពេលអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនក្មួយៗដែលបានខិតខំសិក្សាជាច្រើនឆ្នាំមកហើយ។ សូមក្មួយៗនិស្សិតយកចំណេះដឹងទៅបម្រើសង្គមជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕

 

2 4 6 1 3 5
 


ចែករំលែក៖