ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែង សឿង ស្រីល័ក្ខកាន់តែលេចធ្លោរជាមួយ នឹងអាជីពសិល្បៈក្រោយនាងក្តាប់បានការងារមួយចំនួននៅក្នុងដៃ។ ប្រជាប្រិយភាពកំពុងតែហក់ឈានឡើងបានមួយកម្រិតតារារូបនេះបានប្រកាសចង់ច្រៀងជាមួយបទចម្រៀងនិពន្ធថ្មី(Original Song)ទៀតដើម្បីវាយលុកទីផ្សារ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតឈានចូលវ័យ២១ឆ្នាំរបស់តារាចម្រៀងរូបនេះកាលពីចុងសប្តាហ៍មុននេះនៅក្នុងបរិវេណភោជនីយដ្ឋានFriend City។ តារាស្រីសម្តីថ្នមរូបនេះលើកឡើងថា ក្នុងរយៈពេលជា២ឆ្នាំដែលប្រឡូកក្នុងអាជីពសិល្បៈនាងទទួលបានការងារច្រើនជាបន្តបន្ទាប់ទាំងការច្រៀងនៅស្ទើគ្រប់ កម្មវិធីការសម្តែងក្នុងឈុតផ្សព្វផ្សាយ ពាណិជ្ជកម្ម ហើយថ្មីៗនេះនាងទើបនឹង ទទួលបាការថតខ្សែភាពយន្តភាគថ្មីរបស់ផលិតកម្មមហាហង្សគឺរឿង”សង្គ្រាម មរតក”។ តារាស្រីរូបនេះបញ្ជាក់ថា នាង ចង់បង្កើនការចាប់អារម្មណ៍ជាមួយនឹងស្នាដៃសិល្បៈតាមរយៈបទចម្រៀងនិពន្ធថ្មីដែលគេហៅថាOriginal Songនោះ។ ការដែលនាងមានបំណងដូចនេះព្រោះតែបទចម្រៀងថ្មីមិនចម្លងពីបរទេសបច្ចុប្បន្នទទួលបានការគាំទ្រច្រើនបើទោះបីជាមិនច្រៀងនៅក្នុងផលិតកម្មល្បីឈ្មោះក្តី។
នាងបន្តថា នាងចង់បានអ្នកនិពន្ធដែលមានជំនាញនិពន្ធ បទភ្លេងនិងទំនុកច្រៀងសម្រាប់រូបនេះហើយពេលនេះនាងកំពុងសម្លឹងរកមើលសិនដែលគម្រោងនេះនាងរំពឹងថានឹងទទួលបានជោគជ័យនៅពេលខាងមុខ។ តារាស្រីរូបនេះបន្តថាបទចម្រៀងទាំងនេះនឹងក្លាយជាអត្តសញ្ញាណ និងជាមរតកសម្រាប់មនុស្ស ជំនាន់ក្រោយហើយនាងនឹងព្យាយាមធ្វើវាឲ្យបាននៅថ្ងៃខាងមុខ។សម្រាប់គម្រោងខាងលើនាងនិងចាប់ផ្តើមរៀបចំនៅពេលឆាប់ៗខាងមុខនេះខណៈដែលពេលនេះនាងត្រូវការពេលវេលាដើម្បីបញ្ចប់ការ ច្រៀង និងសម្តែងមួយចំនួនសិនដែរ។ បច្ចុប្បន្នតារាស្រីរូបនេះក៏មានក្រុមចម្រៀង ច្រៀងផ្ទាល់ប្រចាំនៅភោជនីយដ្ឋានFriend City នេះផងដែរ។
សម្រាប់ពិធីខួបកំណើតកាលពីថ្ងៃទី១៧ ខែកញ្ញា នេះដែរ ស្រីល័ក្ខបញ្ជាក់ថា មានភ្ញៀវប្រមាណជិត១០០នាក់ប៉ុណ្ណោះដែលត្រូវបានអញ្ជើញហើយមួយចំនួនជាអ្នក សិល្បៈ។ សម្រាប់រឿងស្នេហាវិញតារាស្រីរូបនេះបញ្ជាក់ថា នាងមិនទាន់មាននៅឡើយព្រោះតែនាងចង់បន្តការងារសិល្បៈឲ្យបានច្រើននិងជោគជ័យរឿងការងារសិនមុនពេលចាប់ផ្តើមគិតរឿងបង្កើតក្រុមគ្រួសារមួយនោះ។ អ្វីដែលនាងរំពឹងចង់បានគឺកិត្តិយស និងកេរឈ្មោះក្នុងការងារជាអ្នកសិល្បៈសិន៕ វឌ្ឍនា