ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជួប និងគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តបុកម៉ូតូពេញទំហឹងព្រោះតែពួកគេផឹកសុីស្រវឹងហើយចង់ទៅរាំលេងនៅក្នុងក្លឹប ។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១ មានឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាគ្រួបង្រៀនភាសាអង់គ្លេស ស្នាក់នៅភូមិកាកាប ឃុំខ្សេមសាន្ត ស្រុកឧដុង ខេត្តកំពង់ស្ពឺ ត្រូវរថយន្តបុកស្លាប់។ ជនរងគ្រោះទី២មានឈ្មោះ ផល សុផេ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ មានស្រុកកំណើតជាមួយគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4681 ក្នុងទិសដៅពីត្បួងទៅជើង តាមផ្លូវលេខ៥៩៨ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាកបើកបញ្ច្រាសទិសគ្នាពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿនដូចគ្នា ហើយរថយន្តបានបត់ឆ្វេងទៅផ្លូវលេខ១៩៦៦ ហើយក៏បុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ចំណែកអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន រីឯរថយន្តបង្កបើករត់បាត់ស្រមោល។
តាមសម្ដីបងជីដូនមួយជនរងគ្រោះដែលមិនបានបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចជនរងគ្រោះទាំង២នាក់ និងរូបគាត់ ព្រមទាំងមិត្តភក្តិជាច្រើននាក់ទៀតបានជួបជុំគ្នាផឹកស៊ីជប់លៀងអបអសាទរដែលមិត្តភក្តិនៅក្នុងភូមិប្រឡងបាក់ឌុបជាប់ ខណៈពេលដែលផឹកស្រាស្រវឹងជនរងគ្រោះទាំង២នាក់បានបបួលរូបគេជាបងមកចូលក្លឹបនៅភ្នំពេញ ដើម្បីរាំលេងសប្បាយ តែរូបគាត់បានប្រាប់ថាកុំទៅអី ព្រោះយប់ហើយ តែជនរងគ្រោះទាំង២នាក់នេះមិនព្រមស្ដាប់ទេ បានទាញម៉ូតូជិះចេញមកឃើញដូច្នេះរូបគេបានហៅមិត្តភក្តិម្នាក់ទៀតជិះម៉ូតូដេញតាមពីក្រោយ ដោយនឹកថា អ្នកទាំង២ស្រវឹងហើយ តែដេញមិនទាន់សោះ ព្រោះអ្នកទាំង២ជិះម៉ូតូលឿនពេក ស្រាប់តែមកដល់ចំណុចកើតហេតុរូបគេបានឃើញម៉ូតូ១គ្រឿងដួលនៅនឹងកណ្ដាលថ្នល់ និងមានមនុស្សម្នាក់ដេកនៅកន្លែងនោះដែរ គេក៏បានឈប់មើល ស្រាប់តែឃើញប្អូនរបស់ខ្លួនដេកស្លាប់នៅលើថ្នល់ និងម្នាក់ទៀតត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងហើយដោយសារតែរថយន្តបង្ករបើករត់បាត់ទើបសមត្ថកិច្ចបានប្រគល់សពឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំសាច់ញាតិ្តមកយកនៅពេលក្រោយ ៕ តុង សីហា