ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន

ចែករំលែក៖

ភ្នំពេញៈ នៅរសៀលថ្ងៃទី២០ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោក Kiyoshi ODAWARA សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

លោក Kiyoshi ODAWARA បានជម្រាបជូន សម្តេចតេជោអំពីដំណើរទស្សនៈកិច្ចលើកទី១របស់លោកមកកាន់កម្ពុជាពេលនេះ គឺលោកបានឃើញច្បាស់អំពីការីកចម្រើនច្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេតេជោផ្ទាល់។ លោក Kiyoshi ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzō Abe ជូនសម្តេចតេជោផងដែរ។ ដំណើរទស្សនៈកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះ គឺដើម្បីបានឃើញប្រទេសកម្ពុជាផង និងដើម្បីចូលរួមសម្ពោធមន្ទីរពេទ្យជប៉ុន សាន់រ៉ាយស៍ផង ដែលជាការវិនិយោគរួមគ្នារបស់រដ្ឋាភិបាលជប៉ុន និងវិស័យឯកជន ហើយដែលនោះគឺជាចំណែកមួយក្នុងការពង្រីកទូលាយចេញមកក្រៅលើវិស័យសុខាភិបាលរបស់ជប៉ុន។ ទន្ទឹមនឹងនោះ លោក Kiyoshi រីករាយចំពោះការហោះហើរត្រង់របស់ក្រមហ៊ុនអាកាសចរណ៍ជប៉ុនមកកាន់កម្ពុជា។ លោក Kiyoshi ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានខិតខំជម្រុញឲ្យមានការហោះហើរត្រង់នេះដែលនឹងទាក់ទាញអ្នកទេសចរណ៍ វិនិយោគគិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា អោយកាន់តែខ្លាំងរឹងមាំថែមទៀត ។

លោក Kiyoshi ODAWARA បានជម្រាបជូន សម្តេចតេជោ ផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏សំខាន់ក្នុងតំបន់អាស៊ាន ហើយជប៉ុនបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ ។ ជាងនេះទៅទៀត លោក Kiyoshi បានសន្យាថានឹងជួយកម្ពុជាតាមរយៈការផ្តល់ជំនួយរថយន្តក្រុង, ជំនួយស្បៀងអាហារ, ជំនួយ ដោះមីន, និងការអភិវឌ្ឍធនធានមនុស្សជាដើមដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Kiyoshi ODAWARA ជាពិសេសចំពោះការផ្តាំសួរសុខទុក្ខ ពីឯកឧត្តម Shinzō Abe ជូនចំពោះសម្តេចផ្ទាល់ ។ សម្តេចក៏បានអរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលកន្លងមកតែងតែជួយដល់កម្ពុជា។ កាអភិវឌ្ឍរបស់កម្ពុជាឈានមកដល់ពេលនេះ មិនអាចកាត់ផ្តាច់ពីភាគីជប៉ុនបានឡើយ រួមទាំងការជួយដល់ដំណើរការស្វែងរកសន្តិភាព នៅកម្ពុជាផងដែរ ។

មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Kiyoshi ដែលយកចិត្តទុកដាក់ក្នុងការជួយកម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកលោកនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។ ចំពោះការហោះហើរត្រង់នេះទៀតដែលតភ្ជាប់ខាងផ្លូវអាកាសគឺមិនត្រឹមតែជម្រុញទេសចរណ៍ អ្នកវិនិយោគទុន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញឲ្យមានភាពជិតស្និទខ្លាំងឡើងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរទៀតផង ៕

fb_img_1474404452196 fb_img_1474404449042 fb_img_1474404444661 fb_img_1474404441402

 

 


ចែករំលែក៖