ភ្នំពេញ ៖ ដោយសារតែស្រឡាញ់កូនខ្លាំងពេក ពេលឃើញកូនយំននៀលដី ស្មានតែប្រពន្ធវាយធ្វើបាប ខឹងក៏ស្ទុះទៅវាយ់ប្រពន្ធបណ្តាលឲ្យហើមមុខ និងខៀវភ្នែក ។ ស្រ្តីជាប្រពន្ធរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ទាំងទឹកភ្នែកហូររហាម សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី ហ៊ាង អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះស្នាក់នៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ។ ចំណែកប្តី មានឈ្មោះ ប៉ែន ពិសី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ដើរតែផឹកសុី មានស្រុកកំណើតនៅខាងខេត្តកំពង់ស្ពឺ ។
ដោយរស់នៅជាមួយជាប្តីប្រពន្ធរហូតមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ តែអត់មានខាន់ស្លា ក្រោយពីជម្លោះបែកបាក់ក្នុងរង្វង់គ្រួសារ បានលែងលះគ្នា៣ខែមកហើយ គ្រាន់តែតាំងចិត្ត ឯកភាពគ្នាតែ២នាក់ ប្តីនិងប្រពន្ធតែប៉ុណ្ណោះ ពុំមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរណាមួយ ដល់អាជ្ញាធរឡើយ ដោយភាគីខាងប្រពន្ធ បង់លុយទៅឲ្យភាគីខាងប្តីខំនួន១៥០០ដុល្លារ ។ ចំណែកកូនប្រុស ត្រូវបាន ភាគីខាងប្តីជាអ្នកចិញ្ចឹមបីបាច់ និងស្នាក់នៅ ក្បែរផ្ទះអតីតប្រពន្ធដដែល ។
តាមសម្តីស្រ្តីខាងលើ បានឲ្យដឹងថា ឲ្យគាត់ទទួលយកធ្វើជាប្តី ម្តេចទៅ កាលបើ ខ្លួនឯង អត់គិតខ្លួនថាមានប្រពន្ធផង ដើរតែផឹក ដើរតែសុីចាយ អត់ជួយការងារផ្ទះសម្បែង ដូចខ្លួនឯងនៅស្ទាវ ទើបទ្រាំលែងបាន លែងលះគ្នា បានមកដោយធម៌ លែងគ្នាវិញក៏ដោយធម៌ ហើយជារឿងៗ ថ្វីត្បិតកូនប្រុស ម្នាក់ ខាងប្តីជាអ្នកចិញ្ចឹមក៏ពិតមែន តែរាល់ថ្ងៃគាត់ ឲ្យលុយកាក់ នំចំណីជាហូរហែរ មិនដាច់ចិត្តពីកូនឡើយ ។ រហូតដល់ថ្ងៃកើតហេតុ បន្ទាប់ពីកូនប្រុស មកសុំលុយ១ពាន់រៀល ហើយគាត់ឲ្យដល់ទៅ៥ពាន់រៀល
ពេលនោះកូនក៏ដើរចេញទៅ តែមិនដឹងថាមានរឿងអ្វី ដោយគាត់រវល់តែលក់ដូរស្រាប់តែ កូនយំននៀលដី អតីតប្តីឃើញនឹកស្មានតែ ប្រពន្ធវ៉ៃកូន បែរជាស្ទុះមកទាំងសភាពស្រវឹង ប្រើកណ្តាប់ដៃ វ៉ៃមកលើប្រពន្ធវិញ ទោះជាពន្យល់ហេតុផលយ៉ាងណាក៏មិនស្តាប់ ទីបំផុតឈឺពេញខ្លួន រហូតអ្នកជិតខាងចាប់ជួយឃាត់ ។
ដោយសារទ្រាំនូវទង្វើអតីតលោកប្តីមិនបាន រត់ទៅប្តឹងនគរបាល ឲ្យជួយអន្តរគមន៍ តែត្រូវបាន ខាងនគរបាលឲ្យជនរងគ្រោះ ទៅប្តឹងខាងអាជ្ញាធរសង្កាត់កាកាបវិញ ក្នុងហេតុផល ជម្លោះប្តីប្រពន្ធ ហើយរបួស ក៏មិនធ្ងន់ដែរ ។ ដោយឡែក អាជ្ញាធរសង្កាត់វិញ បន្ទាប់ពីស្រ្តីខាងលើ មកប្តឹងហើយ បែរជាអោយរង់ចាំអញ្ជើញ ភាគីខាងប្តី មកសាកសួរជាក្រោយទៅវិញ ៕ សុខាសែនជ័យ