ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ និងស្រ្តីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿង បានជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ចូលក្រោមរថយន្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ និង ស្រ្តីម្នាក់ទៀតឈ្មោះ ហិន ឌីណា អាយុ២៤ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆនាំ១D-៤៩០៤ ។ ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ធំ ៣A-១៣៩៣ ។
សមត្ថកិច្ចបានអោយដឹងថា នៅ មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដានបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿន និងបានបើកជែងរថយន្ត មួយគ្រឿងនៅពីមុខ ។
ក្នុងពេលកំពុងជែងរថយន្តដែលនៅខាងក៍មានរថយន្តមួយគ្រឿងទៀតធ្វើដំណើរច្រាស់ទិគ្នា នៅក្នុងស្ថានភាពនេះបណ្តាលអោយរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតជ្រុល ទៅបុកម៉ូតូជនរងគ្រោះដែលកំពុងតែបើកច្រាស់ទិសគ្នា ពេញមួយទំហឹងចូលក្រោមរថយន្ត កិនស្លាប់ទាំងពីរនាក់តែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរថយន្តបង្ករបានចុះគេចខ្លួនបាត់ស្រម៉ោលតែម្តង ៕ ចន្ថា