ភ្នំពេញ: មុខសញ្ញាលួចម៉ូតូនៅក្នុងបុរីប៉េងហួតបឹងឈូកម្នាក់ត្រូវបានម្ចាស់ម៉ូតូស្វែងរកឃើញហើយក៍ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយពីម្ចាស់ម៉ូតូចាប់បានក៍បញ្ជូនខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះឡុង ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងឈូក ។
ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រៃវែង1F-6558 មានឈ្មោះអ៊ុន វិច្ឆ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងឈូក មានស្រុកកំណើតនៅខេត្តព្រៃវែង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅក្នុងរោងស្នាក់នៅដោយយកច្រវ៉ាក់ចាក់សោភ្ជាប់ជាមួយសរសររោង ហើយទៅធ្វើការងារដូចធម្មតា ។ ដល់ពេលសម្រាកថ្ងៃត្រង់ជនរងគ្រោះបានមកកាន់រោងស្នាក់នៅរបស់ខ្លួនស្រាប់បាត់ម៉ូតូ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍និរោធ និងស្គាល់មុខសញ្ញាជនសង្ស័យ ព្រោះជនសង្ស័យធ្វើកម្មករសំណង់ជាមួយគ្នា ។
៧ថ្ងៃក្រោយមកជនរងគ្រោះបានជិះម៉ូតូស្វែងរកមុខសញ្ញាចោរលួចម៉ូតូរបស់ខ្លួនស្រាប់តែប្រទះឃើញជនសង្ស័យអង្គុយលេងនៅសួនច្បារមុខក្រសួងការពារជាតិ ។ ភ្លាមនោះជនរងគ្រោះបានស្ទុះទៅចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចការពារនៅសួនច្បាររួចហើយទើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកម៉ូតូប្រគល់អោយម្ចាស់វិញបន្ទាប់ពីមានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ៕ សណ្តោស