ខេត្តមណ្ឌលគិរី+សៀមរាប៖ ករណីផ្ទុះ អាវុធយ៉ាងគគ្រឹកគគ្រេងបានកើតឡើងនៅឯខេត្តមណ្ឌលគិរី និងខេត្តសៀមរាបពី រករណីផេ្សងគ្នាដែលសមត្ថកិច្ចខេត្តទាំងពីរមិនទាន់ចាប់បានជនដែលបាញ់នោះនៅឡើយ។ សមត្ថកិច្ចខេត្តទាំងពីរអះអាងថា កំពុងតាមចាប់ជនបាញ់បោះនោះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
ករណីទី១បានកើតឡើងនៅឯខេត្ត មណ្ឌលគិរីដែលបុរសម្នាក់បានបាញ់រះរហូត ដល់ជាង៤០គ្រាប់នៅក្នុងបរិវេណទីស្នាក់ការការពារកងរាជអាវុធហត្ថស្រុកអូររាំង ខេត្ត មណ្ឌលគិរីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដែលបង្កឲ្យមានការ ភ្ញាក់ផ្អើល និងភ័យតក់ស្លុតពីសំណាក់ប្រជា ពលរដ្ឋជាច្រើននោះត្រូវបានសមត្ថកិច្ច ប្រាប់អត្តសញ្ញាណហើយគឺមានឈ្មោះ «អាក្របី»តែមិនដឹងថាបម្រើការងារនៅ អង្គភាពណានោះទេ ។ ប៉ុន្តែយ៉ាងណាក៏ ដោយកាំភ្លើងម៉ាកAK47ដែលជននេះបាញ់រះនោះត្រូវបានសមត្ថកិច្ចតាមទៅរកឃើញនៅក្នុងផ្ទះប្រពន្ធ(អាក្របី)ស្ថិតនៅក្នុង ក្រុងសែនមនោរម្យ ខណៈដែលជនសង្ស័យ និងបក្ខពួក៣នាក់ទៀតបានគេចខ្លួនបាត់ហើយ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបាញ់បោះដោយសេរីបង្កទ្បើងដោយមនុស្ស មួយក្រុមមានគ្នា៤នាក់ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំង ស្ថិតនៅក្នុងបរិវេណទីបញ្ជាការកងរាជអាវុធ ហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី។ មន្រ្តី សមត្ថកិច្ចខេត្តមណ្ឌលគិរីបានលួចបង្ហើបថា មុនពេលមានករណីនេះកើតឡើង លោក សូ សំអាត មេបញ្ជាការកងរាជអាវុធ ហត្ថស្រុកអូររាំង និងជនដៃដល់បានផឹកស៊ី នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថស្រុក ប៉ុន្តែពេលនោះក៏ស្រាប់តែមានការបាញ់រះជាច្រើនគ្រាប់តែម្តងដោយមុនដំបូងបាញ់៣០គ្រាប់ហើយក្រោយពេលបើករថយន្តចេញទៅក៏បាញ់រះជាង១០គ្រាប់ទៀត ។
មន្រ្កីសមត្ថកិច្ចបានបញ្ជាក់ថា ជនបាញ់ បោះសេរីនេះមានឈ្មោះអាក្របីបើករថយន្ត ម៉ាក Lexus-470 តែមិនដឹងធ្វើការនៅ ទីណានោះទេ ។
សេចក្តីរាយការណ៍បានបន្តថា នៅវេលា ម៉ោង៦ល្ងាចថ្ងៃដដែលកងរាជអាវុធហត្ថខេត្តកំពុងចាត់វិធានការណ៍ ដោយសុំគោល ការពីលោកព្រោះរាជអាជ្ញាដើម្បីតាមចាប់ជនបាញ់បោះសេរី ហើយជននោះមិន មែនជាសមត្ថកិច្ច ឬមន្ត្រីជំនាញអ្វីទេ។ យ៉ាង ណាក៏ដោយរហូតមកដល់វេលាម៉ោង៦និង ៣០នាទីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជននោះបាននៅឡើយ តែសមត្ថកិច្ចដកហូតបានកាំភ្លើងម៉ាកអាកា៤៧មួយដើមដែល ជននោះបានយកទៅទុកលាក់នៅផ្ទះរបស់ប្រពន្ធក្នុងក្រុងសែនមនោរម្យ ។
រីឯសមត្ថកិច្ចខេត្តសៀមរាបនៅមិនទាន់ វែកមុខរកជនបាញ់បោះសេរីជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរក្បែរអង្គរឃ្យុងយូក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបបាននៅឡើយទេដោយអះអាងថាសមត្ថកិច្ច ជំនាញកំពុងត្រួតពិនិត្យសំបកគ្រាប់សិន។
កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែ កញ្ញាមានជនមិនស្គាល់មុខបានប្រើកាំភ្លើង ខ្លីបាញ់បោះជិត១០គ្រាប់បណ្ដាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងពលរដ្ឋដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
នៅព្រឹកថ្ងៃទី២២ខែកញ្ញាលោកវរសេនីយ៍ឯកទិត្យ ណារ៉ុង អធិការនគរបាលក្រុង សៀមរាបបានប្រាប់ឲ្យដឹងថា ករណីជន មិនស្គាល់អត្តសញ្ញាណបាញ់ឡើងលើ ប្រមាណជា៥គ្រាប់នៅម៉ោង៩យប់ថ្ងៃទី ២១ ខែកញ្ញា តាមបណ្តោយផ្លូវ៦០ម៉ែត្រ អង្គរឃ្យុងយូម្តុំមន្ទីរទើបសង់ថ្មី ស្ថិតក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាបនោះបច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្តកំពុងយកសំបកគ្រាប់នោះទៅត្រួតពិនិត្យហើយតែនៅមិនទាន់ ដឹងលទ្ធផលនៅឡើយទេ។ លោកបន្ថែម ថា កាំភ្លើងដែលជនអនាធិបតេយ្យបាញ់ នោះជាប្រភេទកាំភ្លើងខ្លី K៥៤ ។
លោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេ បញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាបបានថ្លែងស្រដៀងគ្នាថា ពេលនេះសមត្ថ កិច្ចកំពុងតាមប្រមាញ់សិនចាំមានព័ត៌មានយ៉ាងណានោះលោកនឹងបញ្ជាក់ប្រាប់ទៀត។ ទាក់ទិនករណីនេះដែរសមត្ថកិច្ច បានបញ្ជាក់ថាមិនមានគ្រោះថ្នាក់ដល់ពលរដ្ឋឬក៏ភ្ញៀវទេសចរនោះទេ ។
មជ្ឈដ្ឋាននានានិយាយថា នេះជាការ បាញ់សំញែងកាំភ្លើងលេងរបស់ជនអនាធិបតេយ្យដែលគេដាក់ការសង្ស័យថា នេះជាការបាញ់សាកកាំភ្លើងលេងនៅតំបន់ទេសចរណ៍តែប៉ុណ្ណោះឬសាកល្បងសមត្ថ កិច្ចមើល តើចាប់គេបានឬអត់? ៕ ជានិរន្ដរ៍