ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិសំខាន់ៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានឱ្យដឹង ថា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ កំណាត់ផ្លូវជាតិលេខ៤នៅចំណុច មុខរោងចក្រសាប្រ៊ីណា ស្ថិតក្នុងភូមិត្រពាំង អំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺបានរងការលិចលង់យ៉ាងខ្លាំងបន្ទាប់ពីមានភ្លៀងធំមួយយប់ទល់ភ្លឺរួចមក។

ពេញមួយព្រឹកកំណាត់ផ្លូវនោះនៅតែ បន្តលិចលង់បណ្តាលឱ្យមានការកកស្ទះ ចរាចរណ៍ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅមុខរោងចក្រខាងលើនេះមានការ លិចលង់ជាបន្តបន្ទាប់នៅពេលចូលរដូវ វស្សាម្តងៗ។ ជាមួយគ្នានេះពួកគាត់ក៏បានឃើញអាជ្ញាធរដាក់លូធំៗនៅតំបន់នោះដែរ ក៏ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពទេដោយសារតែលូទាំងនោះចូលសំរាមពេញ។

នៅខេត្តកំពង់ឆ្នាំងឯណោះវិញប្រជា ពលរដ្ឋក៏សំណូមពរឱ្យអាជ្ញាធរកែសម្រួលឱ្យបានល្អតំបន់នោះឡើងវិញដែរ។ ដោយ សារនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ប្រវែង១០០ម៉ែត្រត្រង់ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ស្ថិតនៅ ស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបណ្តាលឲ្យ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
លោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍សហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រឡាចដើម្បីជួយសម្រួលចរាចរណ៍ក្នុងការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះកម្លាំងនគរបាលសហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក កែវ ពៅ ប្រធានមន្ទីរបានយកបាវខ្សាច់ តម្រៀបទប់ទឹកកុំឲ្យហូរឆ្លងកាត់ផ្លូវដើម្បី បញ្ជៀសការខូចខាតធ្ងន់ធ្ងរផងដែរ ។
ចំណែកនៅខេត្តពោធិ៍សាត់វិញយ៉ាងហោចណាស់មានភូមិចំនួន៩ ក្នុងឃុំក្បាល ត្រាច និងឃុំអន្លង់ត្នោត ស្រុកក្រគរ បាន ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងបន្តធ្លាក់រាយប៉ាយមិនទាន់មានភាពស្រាកស្រាន្តនៅឡើយ ។ នេះបើ តាមការឲ្យដឹងពីលោក ប៊ិន វណ្ណា អភិបាល ស្រុកក្រគរដែលបានបង្ហោះក្នុងហ្វេសប៊ុក ផ្លូវការរបស់លោកកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ ។

លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ បានបន្តថា ជំនន់ទឹកភ្លៀងនេះបានលិច លង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃឃុំក្បាលត្រាចនិងឃុំអន្លង់ត្នោតដោយផ្នែកខាងលើថ្នល់ចាប់ពីភូមិត្រពាំងរំដេញ ភូមិឈើទាលខ្ពស់ ភូមិសំរោង ភូមិកំពង់ លើ ភូមិផ្សារ ក្នុងឃុំក្បាលត្រាច រហូតដល់ ភូមិទន្សាយគល់ ភូមិទួលម្កាក់ ភូមិផ្សារ ក្រគរ និងភូមិឃ្លាំងមឿង ក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ជាពិសេសមន្ទីរពេទ្យបង្អែកស្រុកក្រគរបានជន់លិចជ្រៅជាងរាល់ឆ្នាំបើប្រៀបធៀបនីវ៉ូទឹកបឹងទន្លេវិញមានកម្ពស់ឡើង ដល់៥,៦៥ម៉ែត្រ ។

លោកអភិបាលស្រុកបន្តថា «បើទោះបី ភ្លៀងនៅតែបន្តធ្លាក់មិនទាន់ស្រាកស្រាន្តយ៉ាងណានោះក្តីក៏មិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងឡើយ»។ ជាមួយគ្នានោះដែរលោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ពិសេស ក្មេងតូចៗនិងទ្រព្យសម្បត្តិដែលមាននៅជុំវិញផ្ទះនិងក្នុងផ្ទះផងដែរ ៕ ហេង សូរិយា

bondith_4


ចែករំលែក៖