ខេត្តកំពង់ឆ្នាំង ៖ កាលកពីយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ជំនន់ទឹកភ្លៀង បានធ្វើអោយជនលិចកំណាត់ផ្លូវជាតិលេខ៥មួយកន្លែង ប្រវែង១០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ លេខ៤៩ -៥០ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែរហូតមកដល់ម៉ោង៣រសៀល ថ្ងៃដដែលនេះ ទឹកបានស្រកអស់ទៅវិញហើយ ។
ការជន់លិចកំណាត់ផ្លូវជាតិលេខ៥នេះដែរ បណ្តាលអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ប៉ុន្តែមន្រ្តីអាជ្ញាធរ និង មន្រ្តីជំនាញ ព្រមទាំងសមត្ថកិច្ចផង ដែលដឹកនាំដោយឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសំរួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ។
ក្នុងសកម្មភាពអន្តរាគមន៍នោះ មន្រ្តីជំនាញនៃមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រ កាយបើកមុខទឹក និង យកបាវខ្សាច់ ទៅតំរៀបទប់ កុំអោយទឹកហូរកាត់ផ្លូវខ្លាំង ដើម្បីបញ្ជៀសនូវការខូចខាតធ្ងន់ធ្ងរ។
លោកដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែកញ្ញានេះ ទឹកបានស្រកអស់ទៅវិញហើយ ប៉ុន្តែបើសិនជាយប់នេះ មានភ្លៀង ទឹកនឹងបន្តជន់លិចថែមទៀត ។
លោកប្រធានមន្ទីរបានបញ្ជាក់អោយដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង មិនមានតំបន់ណាមួយ រងនូវការជន់លិចធ្ងន់ធ្ងរឡើយ ហើយក៍មិនមានផ្លូវ ឬ ទំនប់ដាច់ខូចខាតដោយសារទឹកជំនន់ដែរ ។
លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងថា ជំនន់ទឹកភ្លៀងនៅថ្ងៃទី២៣ កញ្ញានេះ បណ្តាលអោយលិចស្រូវរបស់ប្រជាកសិករនៅក្នុងស្រុកកំពង់ត្រឡាច ចំនួន១៥ហិកតា ប៉ុន្តែបើទឹកស្រកទៅវិញលឿន ស្រូវដែលលិចនោះមិនខូចទេ ៕ ចន្ថា