ព័ត៌មានទាន់ហេតុការណ៍៖

បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលសមត្ថកិច្ចអះអាងថា នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈសង្ស័យថា ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក ហើយបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ថោយផ្លូវជាតិលេខ៥ ភូមិផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ពីព្រោះនៅលើខ្លួនជនរងគ្រោះមិនមានអ្វីជាសញ្ញាសម្គាល់អត្តសញ្ញាណបានទេ ទូរស័ព្ទក៏គ្មាន ស្លៀកខោជើងវែង ពណ៌គ្រាប់អំពិល ពាក់អាវយីត ពណ៌ខ្មៅ សក់រួញ ។

ប្រភពបន្តថា ជនរងគ្រោះមិនដឹងថា ធ្វើដំណើរថ្មើរជើងមកពីណា ហើយរថយន្តបង្ក ក៏មិនដឹងថា ធ្វើដំណើរមកពីខាងណាដែរ ដោយក្រោយពីបុកបុរសខាងលើរូច រថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចអះអាងថា នៅកន្លែងកើតហេតុ ជាកន្លែងស្ងាត់គ្មានប្រជាពលរដ្ធ
មើលឃើញសកម្មភាពគ្រោះថ្នាក់ឡើយ ហើយសពខាងលើ សង្ស័យថាជាមនុស្សវិកលចារិក ព្រោះរាងកាយមានសភាពស្គមស្គាំងខ្លាំងណាស់ ។

សមត្ថកិច្ចបានចាត់ចែងវេចខ្ចប់សាកសពជនរងគ្រោះរួចយកមករក្សាទុកនៅវត្តត្រាច ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា

3 1 2

 


ចែករំលែក៖