ព័ត៌មានទាន់ហេតុការណ៍៖

នឹង​មិន​ដំឡើង​ថ្លៃក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនចំនួន១៤ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការចូលរួមពីតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ សមាជិកសមាគម CAMTA និង CAMBA ព្រមទាំងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃផងដែរនោះឃើញថាក្រុមហ៊ុនដឹកជញ្ជូនចំនួន១៤ បានសន្យាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនថា មិនដំឡើងថ្លៃសំបុត្រជិះរថយន្ដនៅពេលបុណ្យភ្ជុំបិណ្ឌចូលមកដល់នា ពេលខាងមុខនេះទេ ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគេដឹងថា ជារៀងរាល់មានបុណ្យប្រពៃណីជាតិខ្មែរធំៗនាម្តងៗ ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន តែងតែស្នើសុំដល់ក្រុមហ៊ុនដឹកជញ្ជូនកុំឲ្យដំឡើងថ្លៃឈ្នួលដឹក អ្នកដំណើរ ប៉ុន្តែតាមការកត់សម្គាល់គឺមានក្រុមហ៊ុនមួយចំនួននៅតែមិនធ្វើតាម ការស្នើសុំនោះទេ ពួកគេនៅតែលួចដំឡើងថ្លៃដដែល។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំដំឡើងថ្លៃឈ្នួល ដឹកជញ្ជូននៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ខាងមុខនេះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរដើម្បីផ្តល់ភាព ងាយស្រួល និងសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវការធ្វើដំណើរទៅស្រុកកំណើតធ្វើបុណ្យភ្ជុំបិណ្ឌ។លោកទេសរដ្ឋមន្រី្តក៏បានផ្តោតជាសំខាន់លើការពង្រឹងការគោរពច្បាប់ចរាចរណ៍ ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ និងវិធានការមួយចំនួនរបស់ក្រសួងទាក់ទងទៅនឹងការជួសជុល កែច្នៃ និងដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេស ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការពង្រឹងការផ្តល់ប័ណ្ណបើកបរផងដែរ  ។

ជាការឆ្លើយតប ភ្លាមៗទៅនឹងសំណើនេះ ក្រុមហ៊ុនមួយចំនួនបានសន្យាមិនដំឡើងថ្លៃឈ្នួលដឹកជញ្ជូនទេក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលក្រុមហ៊ុនទាំងនោះរួមមាន៖ ១-ក្រុមហ៊ុន ថុង សម្បត្តិ ២-ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣-ក្រុមហ៊ុន ផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤-ក្រុមហ៊ុន នាគ ក្រហម ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦-ក្រុមហ៊ុន វ៉ាង រ៉ិច ៧-ក្រុមហ៊ុន Giant IBIS Transport ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០-ក្រុមហ៊ុនកាពីតូល ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២-ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន ។

តំណាងក្រុមហ៊ុនទាំង១៤បានអះអាងថា ការយល់ព្រមមិនដំឡើងថ្លៃឈ្នួលដឹកជញ្ជូនគឺ ស្របតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូននាពេលកន្លងមក ។ ក្នុងកិច្ចប្រជុំនោះដែរ មានក្រុមហ៊ុនមួយចំនួនបានប្រកាសថា នឹងបញ្ចុះតម្លៃ១០% ពីលើតម្លៃធម្មតាទៀតផង។

អ្នកស្រី សំដ្ឋា ហាវិសី តំណាងក្រុមហ៊ុន មេគង្គ អ៊ិចប្រេស បានសម្តែងការពេញចិត្តយ៉ាងខ្លាំង និងបានលើកឡើងថា ចំពោះក្រុមហ៊ុនអ្នកស្រីតែងតែរក្សាតម្លៃនៅដដែលមិនថាតែបុណ្យ ភ្ជុំបិណ្ឌនោះទេ ពោលគឺគ្រប់រដូវបុណ្យទានទាំងអស់ ។ ដោយឡែក លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ឡារីតា ក៏បានចូលរួមអបអរសាទរផងដែរចំពោះថ្នាក់ដឹកនាំប្រទេសដែលតែងតែគិតគូរ សុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ការមិនដំឡើងថ្លៃពេលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយសម្រូលជីវភាព របស់ប្រជាពលរដ្ឋ។

ទោះយ៉ាងណាក្រៅពីក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំង១៤ ដែលសន្យាថាមិនដំឡើងថ្លៃដឹកជញ្ជូននាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេនៅមិនទាន់ដឹងថាក្រុមហ៊ុនដឹកអ្នកដំណើរជាច្រើនទៀតដែលមិនបានសន្យាក្នុងបញ្ហានេះអនុវត្តដូចគេឯងបានដែរឬទេ ព្រោះបើតាមការកត់សម្គាល់ជារៀងរាល់ឆ្នាំ តម្លៃជិះរថយន្តរបស់ក្រុមហ៊ុនមួយចំនួនមិនឈឺក្បាលនឹងការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ទេនោះ ៕ ប្រាថ្នា

 

a1

 


ចែករំលែក៖