ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃសៅរ៍ ៨រោច ខែភទ្របទ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងគ្រួសារ រួមជាមួយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ដង្កោ បានរួមគ្នាកាន់បិណ្ឌ វេណទី៨ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ។
ក្នុងឱកាសនោះ លោកអភិបាល និងសហការី បានប្រគេនបច្ច័យកសាង ១លានរៀល ប្រគេនព្រះសង្ឃ ១៥អង្គ ក្នុងមួយអង្គ ២ម៉ឺនរៀល ចៅអធិការ ៣ម៉ឺនរៀល ទេយ្យទានជាគ្រឿងឧបភោគបរិភោគ ជាច្រើនមុខទៀត។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕ ជីម ភារ៉ា ដង្កោ