ខេត្តកំពង់ចាម៖ ជនរងគ្រោះ២នាក់បានលង់ទឹកស្លាប់ គ្រាដែលចុះទៅងួតទឹកលេង ហើយត្រូវទឹកហូរកួចនាំចូលទៅក្នុងទ្វារទំនប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទំនប់ទឹកតាកុត ស្ថិតនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅចំណុចកើតហេតុ ជាអាងស្តុកទឹក និងមានទ្វារស្តុកទឹក ដែលមានទឹកហូរធ្លាក់ជម្រៅប្រហែលជាង៣ម៉ែត្រ ។ ពេលនោះមានប្រជាពលរដ្ឋច្រើននាក់បាននាំគ្នាទៅលំហែកាយ មើលទេសភាព និងងួតទឹកលេង ។ បន្តិចក្រោយមក មានបុរស នារី២នាក់ បានចុះងួតទឹក និងហែលលេងនៅទីនោះ ក៏ត្រូវទឹកហូរកួចនាំចូលក្នុងទ្វារទឹកលិចបាត់ទាំងពីរនាក់ ។
ភ្លាមៗនោះ ប្រជាពលរដ្ឋដែលទៅលំហែកាយ ក៏ដូចជាបងប្អូនសាច់ញាតិ និងអ្នកដំណើរ ក៏បាននាំគ្នាចុះមុជទឹកនៅខាងក្រោយទ្វារទឹកដើម្បីជួយអន្តរាគមន៍ ។ ប៉ុន្តែភ្លាមៗមិនបានលទ្ធផលទេ ។ មួយសន្ទុះក្រោយមក ក្រុមអ្នកជួយសង្គ្រោះក៏បានស្រង់ស្ត្រីម្នាក់ឡើងពីក្នុងទឹកមកលើគោក ។
ពេលនោះប្រជាពលរដ្ឋខ្លះក៏បានរលាក់ទឹកចេញពីក្នុងស្ត្រីរងគ្រោះ និងបញ្ចូលខ្យល់តាមមាត់ដើម្បីសម្រួលផ្លូវដង្ហើម ប៉ុន្តែស្ត្រីនោះបានស្លាប់បាត់ទៅហើយ ។
លោកជា ជួន អធិការនគរបាលស្រុកកងមាសបានឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ ម៉ៅ ផល្លារ អាយុ៣១ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
រីឯសពបុរសម្នាក់ទៀត ទើបតែរកឃើញនៅវេលាម៉ោង១២ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ។ បុរសដែលស្លាប់ មានឈ្មោះ ស៊ឹម ហ៊ុច អាយុ៣១ឆ្នាំ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សពទាំងពីរត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន ៕ ហេង នរិន្ទ្រន៍