ភ្នំពេញ៖ តារាសម្តែងស្រីសម្រស់បានកញ្ញា ម៉ៃ យ៉ា ទើបនឹងចូលប្រឡូកក្នុងអាជីពសិល្បៈបានជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងក្តាប់បានតំណែងតួអង្គសំខាន់ៗ ក្នុងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ។ ក្រៅពីជោគជ័យនឹងរឿងការងារនាង ក៏ត្រូវបានគេទម្លាយថា មានបុរសមានទ្រព្យ និងបុណ្យស័ក្កិជាច្រើនរូប តាមប្រមាញ់ស្នេហ៍ពីនាងផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យ ។
ស្ថិតក្នុងវ័យ២០ឆ្នាំ កញ្ញាម៉ៃ យ៉ា កូនកាត់ខ្មែរអាល្លឺម៉ង់ ចាប់បានតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាច្រើនបន្តបន្ទាប់ដូចជារឿង “កញ្ញាអម្ពិលផ្អែម”, “ទាយាទអាគម” និងរឿង “ក្រមុំឆ្នាស់” ហើយថ្មីៗនេះ នាងអាចថ្ពក់បានតំណែងជាពិធីការិនីនៅក្នុងកម្មវិធីប្រគំតន្ត្រីមួយរបស់ទូរទស្សន៍CNC ផងដែរ ។ ស្របពេលដែលប្រជាប្រិយភាព កំពុងស្ទុះងើបឡើង នាងត្រូវបានគេទម្លាយថា មានបុរសជាច្រើនតាមប្រមាញ់យកបេះដូងតារាស្រីកូនកាត់រូបនេះ ។
តារាស្រីសម្តីថ្នមរូបនេះ ទទួលស្គាល់ថា កន្លងមកពិតជាមានបុរសមួយចំនួនតាមសុំស្នេហ៍មែន ហើយបុរសខ្លះ ថែមទាំងជាបុរសដែលមានទាំងទ្រព្យ និងបុណ្យស័ក្កិ ។ នាងថា កន្លងមកមានបុរសជាច្រើនតាមប្រមាញ់ស្នេហ៍ជាមួយនឹងការសន្យាផ្តល់ឲ្យនាងនូវរបស់ទ្រព្យមួយចំនួនឲ្យនាង ប្រសិនបើនាងព្រមទទួលស្នេហ៍ ។ នាងថា ក្រៅពីបុរសក្នុងស្រុក ក៏មានប្រុសនៅឯនាយសមុទ្រផងដែរ ប៉ុន្តែបុរសទាំងនោះ សុទ្ធតែខកបំណង ព្រោះតែនាងមិនព្រមបើកបេះដូងទទួលយក។
អ្វីដែលនាងសម្រេចចិត្តមិនទទួលយកស្នេហានៅពេលនេះ ព្រោះតែបុរសមួយចំនួន មិនមានអត្តសញ្ញាណច្បាស់លាស់ ហើយក៏មានបុរសខ្លះមិនស្រលាញ់នាងពិតដែរ ។ នាងបញ្ជាក់ដែរថា មិនហ៊ានប្រថុយស្នេហ៍ បុរសណាម្នាក់ទេ នៅពេលនេះ ព្រោះតែនាងមិនចង់យកខ្លួនទៅបៀតនឹងរឿស្នេហាគឺ នាងចង់បន្តការងារសិល្បៈដែលកំពុងតែមមាញឹកនេះវិញ ។
ម៉ៃ យ៉ាបញ្ជាក់ថា បច្ចុប្បន្ននាងទទួលបានការងារច្រើនក្នុងសិល្បៈ ហើយក៏ទទួលបានតម្លៃខ្លួនក្នុងការថតឡើងមួយកម្រិតផងដែរ ហើយនាងក៏ចង់ពឹងលើសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីស្វែងរកប្រាក់ជាជាងការប្រថុយប្រាណដើម្បីបានប្រាក់នោះដែរ ហើយនាង ក៏មិនទទួលយកការជ្រោមជ្រែងពីបុរសណាម្នាក់ដើម្បីមានបានដែរ ព្រោះតែនាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកចំណូលខណៈដែលក្រុមគ្រួសារនាងក៏មិនមានជីវភាពខ្វះខាតនោះដែរ ។
នាងថា ឪពុករបស់នាងគឺជាវេជ្ជបណ្ឌិតនៅប្រទេសអាល្លឺម៉ងដែរ ហើយការចូលប្រឡូកសិល្បៈ ព្រោះតែស្រលឡាញ់ចូលចិត្ត និងមើលឃើញពីសមត្ថភាពទេពកោសល្យរបស់ខ្លួនមានផងដែរ ។ នាងរំពឹងថា ការងារសិល្បៈរបស់នាងនឹងកាន់តែរីកចម្រើនកាន់តែខ្លាំងសម្រាប់ចុងឆ្នាំនេះ និងដើម្បីឆ្នាំក្រោយ ៕ វឌ្ឍនា